ស៊ីរីរៀបចំការសន្ទនាថ្នាក់ជាតិ កែប្រទេសឡើងវិញ
បរទេស ៖ ប្រធានាធិបតី បណ្តោះអាសន្ន របស់ប្រទេសស៊ីរី លោក Ahmed al-Sharaa បានសន្យា កាលពីថ្ងៃព្រហស្បតិ៍ថា នឹងរៀបចំ «សន្និសីទ កិច្ចសន្ទនាជាតិ» ក្នុងអំឡុងពេលសុន្ទរកថា លើកដំបូង របស់លោក ទៅកាន់ប្រទេស ចាប់តាំងពីការដួលរលំ របបដឹកនាំ របស់មេដឹកនាំ Bashar al-Assad ដែលត្រូវបានបណ្តេញ ចេញតំណែង និង ខ្ទាតចេញពីប្រទេស។
លោក Ahmed al-Sharaa បាននិយាយ ក្នុងអំឡុងពេលសុន្ទរកថា តាមទូរទស្សន៍ ដែលបានថតទុកមុនថា «យើងនឹងប្រកាស នៅប៉ុន្មានថ្ងៃខាងមុខនេះ គណៈកម្មាធិការ ដែលត្រូវបានប្រគល់ភារៈកិច្ច ក្នុងការរៀបចំសន្និសីទថ្នាក់ជាតិ ដែលជាវេទិកាផ្ទាល់ សម្រាប់ការពិភាក្សា ដើម្បីស្តាប់ទស្សនៈផ្សេងគ្នា អំពីកម្មវិធីនយោបាយ នាពេលអនាគត របស់យើង»។
លោក Ahmed al-Sharaa ក៏បានសន្យាផងដែរ នូវ «សេចក្តីប្រកាស រដ្ឋធម្មនុញ្ញ» ដើម្បីបម្រើជា «ឯកសារយោង ផ្លូវច្បាប់» ក្នុងអំឡុងពេលអន្តរកាល របស់ប្រទេស បន្ទាប់ពីរដ្ឋធម្មនុញ្ញចាស់ ត្រូវបានព្យួរ។
ជាមួយគ្នានេះ លោកបានប្តេជ្ញាថា «នឹងតាមរកឧក្រិដ្ឋជន ដែលបង្ហូរឈាមស៊ីរី និងប្រព្រឹត្តការសម្លាប់រង្គាល និងឧក្រិដ្ឋកម្ម មិនថាពួកគេ នៅក្នុងប្រទេសស៊ីរី ឬ នៅក្រៅប្រទេស ហើយនឹងបង្កើត «យុត្តិធម៌អន្តរកាល ពិតប្រាកដ» បន្ទាប់ពីការដួលរលំ របស់លោក Assad៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត