មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបង្ហាញការគាំទ្រដល់រដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមផ្សព្វផ្សាយអប់រំដល់ពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ពីការបំពុលខ្យល់

(ភ្នំពេញ)៖ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថារដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមបង្កាទប់ស្កាត់ ក៏ដូចជាផ្សព្វផ្សាយអប់រំដល់ពលរដ្ឋតាមរយៈការមិនដុតព្រៃ ដុតជញ្រ្ជាំងស្រូវ ដុតសំណល់សំរាមគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុង ការចូលរួមទប់ស្កាត់ ការបំពុលខ្យល់នៅកម្ពុជា និងក៏ដូចជាកិច្ចការពារបរិស្ថានរបស់ពិភពលោកផងដែរ ។

ថ្លែងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥នេះ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា តាមរយៈខ្យល់ពុលនៅប្រទេសជិតខាង ក៏ដូចជា នៅកម្ពុជាកើតឡើងមួយចំនួនតូចដែរនោះគឺជារឿងមួយយ៉ាងសំខាន់ដែលគ្រប់ភាគីត្រូវចូលរួមទប់ស្កាត់ការបំពុលខ្យល់ពិសេសថ្នាក់ រដ្ឋបាលរាជធានី-ខេត្ត តែម្តង ។ ការចូលរួមពីថ្នាក់មូលដ្ឋានគឺជាផ្នែកមួយមិនអាចខ្វះបាន ក្នុងនោះមានទាំងការអប់រំផ្សព្វផ្សាយ និងក៏ដូចជាហាមប្រាណផងដែរ ។

ឯកឧត្តម ខ្វៃ អាទិត្យបានថ្លែងដែរថានាពេលបច្ចុប្បន្ន ក្រសួងបរិស្ថាន បាននិងកំពុងយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់ បញ្ហាបំពុលខ្យល់ តាមរយៈបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ណែនាំប្រជាពលរដ្ឋ កុំឱ្យដុតជញ្រ្ជាំង កុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម សំរាមសំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀត នៅទីចំហ ដែលជាហេតុបង្កឱ្យ មានការកើនឡើងការបំពុលបរិយាកាស ។

មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងបន្ថែមថា នៅតាមបណ្តាខេត្ត មានស្ថានីយ៍បំពាក់ឧបករណ៍ ត្រួតពិនិត្យតាមដានគុណភាពខ្យល់ ជាប្រចាំយ៉ាងតិចចាប់ពី ២គ្រឿង ទៅ៣គ្រឿង។ ជាមួយគ្នានេះ ក្រុមមន្រ្តីជំនាញក្រសួងបរិស្ថាន ក៏បានធ្វើការសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន ធ្វើការផ្សព្វផ្សាយនៅវិធានការទប់ស្កាត់ការកាប់ឆ្កាដុតព្រៃ ដុតជញ្រ្ជាំង ជាប្រចាំ ។

ដោយឡែកទាក់ទិននឹង ខេត្តពោធិ៍សាត់ ដែលរយៈពេល ២-៣ ថ្ងៃមកនេះ មានកម្រិតសន្ទស្សន៍ គុណភាពខ្យល់”ពណ៌លឿង”នោះត្រូវបានមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា ថ្លែងថាកើតឡើងដោយសារករណីភ្លើងឆេះស្មៅ ដោយកន្លែងតូចៗ ដែលកើតឡើងបណ្តាមកពីការប្រែប្រួលអាកាធាតុ គឺអាកាធាតុមានភាពស្ងួត នារដូវប្រាំងនេះ។ កម្រិតជាតិពុល ”ពណ៌លឿង”នេះត្រូវបានមន្រ្តីអ្នកនាំពាក្យបានពន្យល់ថាមិនទាន់បង្កការគ្រោះថ្នាក់នៅឡើយទេ តែយ៉ាងណាឯកឧត្តម បានឱ្យពលរដ្ឋ អាជ្ញាធរចូលរួមទប់ស្កាត់សំដៅធ្វើយ៉ាងណាមិនឱ្យកម្រិតនេះឈានដល់ក្រហម។

គួរបញ្ជាក់ថានាថ្មីៗនេះតាមរយៈការចូលរួមទប់ស្កាត់ការបំពុលខ្យល់នៅកម្ពុជារដ្ឋបាល ខេត្ត កំពង់ឆ្នាំងបានប្រាប់ដល់អាជ្ញាធរមូលដ្ឋាន ឃុំស្រុក ដោយមិនឱ្យពលរដ្ឋធ្វើសកម្មភាព ទប់ស្កាត់ ភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្ម ការដុតរានព្រៃ ការដុតគល់ជញ្ជាំង ការដុតសំរាម សំណល់រឹងនៅទីចំហ ការឆេះនៅទីលានចាក់សំរាម និងការហុយធូលីពីការដ្ឋានសំណង់ ដែលជាប្រភពអាច បង្កឱ្យគុណភាពខ្យល់ធ្លាក់ចុះ ជាពិសេសកំហាប់ភាគល្អិតនិចលអាចមានការកើនឡើងគួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើការណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ជំរុញចាត់វិធានការទប់ស្កាត់ និងកាត់បន្ថយការ ធ្លាក់ចុះគុណភាពខ្យល់ ដូចខាងក្រោម៖១-អប់រំ ណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់ជញ្ជាំង សំរាម សំណល់ រឹងនិងការដុតសំណល់ផ្សេងៗទៀតនៅទីចំហ។

ដោយឡែក ក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី ៣១ ខែមករាឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥០.២៤ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។

គួររំលឹកថា ក្រសួងបរិស្ថាន បានបំពាក់ ឧបករណ៍ត្រួតពិនិត្យ តាមដានគុណភាពខ្យល់ សាធារណៈ ជាប្រចាំ នៅតាមរាជធានី-ខេត្ត ចំនួន៦០ទីតាំង បន្ថែមលើការបញ្ជូន រថយន្តត្រួតពិនិត្យគុណភាពខ្យល់ «វិស្ណុ» ចល័តចំនួន៣គ្រឿង និងប្រព័ន្ធត្រួតពិនិត្យផ្កាយរណបមួយគ្រឿងដើម្បីតាមដានគុណភាពខ្យល់ ទូទាំងប្រទេស៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner