កសិកម្មទំនើប ជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់

(ខេត្តកំពង់ធំ)៖ ក្នុងជំនួបជួបសំណេះ សំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានពន្យល់ណែនាំពីសារៈសំខាន់នៃការចងក្រងសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ មានកិច្ចសន្យាផលិតកម្ម ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានការចាត់ចែង ទូទាត់ចំណាយ-ចំណូលត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្នុងការងារនេះក្រសួងនឹងជួយគាំទ្រផ្នែកបច្ចេកទេស និងការសហការជាមួយមន្រ្តីកសិកម្មឃុំ ប្រការសំខាន់ប្រជាកសិករត្រូវចេះសហការធ្វើការជាមួយគ្នា គោរពច្បាប់វិន័យរបស់សហគមន៍ មានភាពស្មោះត្រង់ និងធ្វើក្នុងគោលដៅរួមគ្នា ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងផលប្រយោជន៍យូរអង្វែង។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារជំនាញសហការជាមួយប្រជាកសិករក្នុងការចុះចុចគោលដៅរួមគ្នានូវផ្ទៃដីផលិតកម្មជាមួយផែនការជាក់លាក់ ចុះបញ្ជីសហគមន៍កសិកម្មទំនេីប ដេីម្បីងាយស្រួលក្នុងការផ្តល់ជាទុនវិនិយោគ សម្រាប់ដំណើរការផលិតកម្មនារដូវបន្ទាប់។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ប្រជាកសិករទាំងអស់ងាកមកដាំនូវពូជស្រូវក្នុងស្រុកដូចជា សែនក្រអូប ចំប៉ីស៧០ និងស្រង៉ែថ្មី ដែលមានតម្លៃខ្ពស់ក្នុងទីផ្សារបច្ចុប្បន្ន និងមានតម្រូវការខ្ពស់សម្រាប់រោងម៉ាស៊ីនក្នុងស្រុក។

សូមជម្រាបជូនថា បច្ចុប្បន្ននេះក្នុងឃុំកំពង់គោមានកសិករដាំស្រូវចំនួន៤០០គ្រួសារ និងមានផ្ទៃដីផលិតកម្មដំណាំស្រូវចំនួន ១០ ០០០ហិកតា កំពុងពិចារណា និងស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច និងទទួលបានផលប្រយោជន៍រួមគ្នា៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner