ក្រុមការងារអាហារូបករណ៍ អ.ម.ត សំណេះសំណាលពិសាអាហារសាមគ្គីជាមួយនិស្សិតសិក្សានៅចិន
(ភ្នំពេញ)៖ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ធិត (អ.ម.ត) នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិស្សិតអាហារូបករណ៍ អ.ម.ត សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួនប្រមាណ ១០០ រូប ដែលទើបត្រលប់មកមាតុភូមិក្នុងឱកាសវិស្សមកាលសិក្សា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ្នកឧកញ៉ា លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារ អ.ម.ត ប្រមាណ ៣០ រូប នៅកោះស្លាកែតស្ទូឌីយោ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ឡាវ វ៉ាន់ បាននាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត ជូនចំពោះក្រុមការងារ និងនិស្សិតទាំងអស់ ព្រមទាំងបានគូសបញ្ជាក់ថា ឱកាសឱ្យនិស្សិតបានរៀនសូត្រពេញលេញនៅក្នុងប្រទេស និងមានលទ្ធភាពអាចបន្តការសិក្សានៅក្រៅប្រទេសនេះ គឺដោយសារក្រោមម្លប់នៃសន្តិភាព ដែលបានមកពីការដឹកនាំដ៍ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍ឯក និងជាបិតាស្ថាបនិកសន្តិភាពនៅកម្ពុជា។
ឯកឧត្តម ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ដើម្បីទទួលបានជំនាញមួយយ៉ាងពិតប្រាកដ, មើលថែរក្សាសុខភាព, ជៀសឱ្យឆ្ងាយពីអំពើអបាយមុខទាំងទ្បាយ, រក្សាសាមគ្គីភាព, ជួយយកអាសាគ្នាទៅវិញទៅមក, បង្កើនទំនាក់ទំនងជាមួយមិត្តភក្តិបរទេស ព្រមទាំងបន្តចូលរួមលើកស្ទួយវប្បធម៌ ទេសចរណ៍កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ៕
ដោយ ៖ វណ្ណលុក
![](https://asset.ams.com.kh/central/media/2025/02/IMG_2710-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/AK5I9730-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/AK5I9738-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_2711-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_3395-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_3763-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_3803-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_5568-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_5714-1024x683.jpg)