កិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប

សៀមរាប៖កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ ក្រោម​អធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សារី  អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ។

កិច្ចប្រជុំនេះមានរបៀបវារៈចំនួន៦ ត្រូវបានលើកយកមកធ្វើការ​ត្រួត​ពិនិត្យ ពិភាក្សា និងធ្វើការអនុម័ត ។ កិច្ចប្រជុំក៏បាន​ធ្វើការពិនិត្យ ពិភាក្សា និង អនុម័ត ផ្តល់គោលការណ៍ដោះស្រាយសម្រាប់បញ្ជីសំណួរ សំណូមពរ ចំនួន២៥៩ករណី អំពីអគ្គិសនី , ហេដ្ឋារចនា សម្ព័ន្ធ , ការងារអប់រំ , សុខាភិបាល , វិវាទដីធ្លី និង វិស័យរដ្ឋបាល ដែលបានលើកឡើងនៅ​ក្នុងអង្គវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ ព្រមទាំងបានអនុម័តលើ សេចក្តីព្រាងប្រតិទិនសម្រាប់ការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៦.២០២៨ របស់រដ្ឋបាលខេត្តសៀមរាប ។

បូកសរុបកិច្ចប្រជុំឯកឧត្តម លី សំរិទ្ធ បានធ្វើការវាយតម្លៃខ្ពស់ទៅលើលទ្ធផលការងារ របស់រដ្ឋបាលខេត្ត​ទទួលបាន​ប្រចាំ​ខែមករា។ឯកឧត្តមក៏បានណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំ អាជ្ញាធរក្រុង ស្រុក លើការគ្រប់គ្រងលើស្ថាប័ន អង្គភាព ស្ថិត​នៅក្រោមឱវាទ ក្នុងមូលដ្ឋានរបស់ខ្លួន ដើមី្បធានាឲ្យបាននូវទំនុកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងកន្លងមក ។ ឯកឧត្តមបានបន្តទៀតថា រាល់ការដោះស្រាយពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងពីសំណួរ សំណូមពរ ក៏ត្រូវ បានធ្វើការដោះស្រាយជូនបងប្អូន បានជាបណ្តើរៗនៅតាមមូលដ្ឋាន និង មួយចំនួនត្រូវធ្វើការដោះស្រាយបន្ត ។ 
 
ឯកឧត្តម លី សំរិទ្ធ ក៏បានបញ្ជាក់ថា រាល់លទ្ធផលនៃការដោះស្រាយនូវសំណួរសំណូមពរ របស់ប្រជាពលរដ្ឋ សូមឲ្យ អាជ្ញាធរក្រុង ស្រុក នាំយកលទ្ធផលទាំងនេះ ទៅធ្វើការផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់សំណួរ សំណូមពរ បានដឹងឭ ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដើមី្បឲ្យបងប្អូនមានជំនឿជឿជាក់លើការ ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ៕


    ដោយ៖​ប៊ុន​រដ្ឋា

ads banner