នាយកវិទ្យាល័យ ហ៊ុន សែន ដំរីពួនដឹកនាំសិស្សានុសិស្សជាង ១០០នាក់ ទស្សនាសត្វស្លាបជាច្រើនប្រភេទនៅទួលចៅព្រាម (ត្រពាំងអាចម៍ភេ) ឃុំសំរោង ស្រុកស្វាយអន្ទរ

(ព្រៃវែង)៖ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជិត២០០នាក់ ដែលរៀនថ្នាក់ទី៩ នៃវិទ្យាល័យហ៊ុន សែន ដំរីពួន ស្រុកស្វាយអន្ទរកាលពីថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២៥ បានធ្វើដំណើរទស្សនានិងឈ្វេងយល់ តំបន់សត្វស្លាបជាច្រើនប្រភេទ មានដូចជាននៀលខ្យល់ កុក ត្របកត្រពាំង ក្អែក និងសត្វជាច្រើនប្រភេទទៀត ដែលកំពុងរស់នៅទួលចៅព្រាម (ហៅត្រពាំងអាចម៍ភេ) ភូមិត្រាច ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ក្នុងដំណើរទស្សនៈកិច្ចនោះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងស្ញប់ស្ញែងដោយបានឃើញមានសត្វស្លាបជាច្រើនប្រភេទដែលមករស់នៅតំបន់នេះ។

លោកគ្រូ ឡាំ សុង នាយកវិទ្យល័យ ហ៊ុន សែន ដំរីពួនបានឲ្យដឹងថា គោលបំណងដែលដឹកនាំកូនសិស្សមកទស្សនៈកិច្ចនេះ គឺដើម្បីឲ្យសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់អំពីជីវិតនៃការរស់នៅរបស់សត្វកម្រទាំងអស់នេះដើម្បីចូលរួម ផ្សព្វផ្សាយ ថែរក្សា អភិរក្សនៅប្រភេទសត្វទាំងនេះឲ្យបានគង់វង្ស។ 

ជាមួយគ្នានេះ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលអាស្រ័យផល ធ្វើស្រែចម្ការនៅ ទីនោះសូមមេត្តាកុំ រាន ដីធ្វើស្រែដែលធ្វើឲ្យប៉ះពាល់ដល់ជម្រកសត្វនៅទីនោះបន្ថែមទៀត។

លោក សយ សុភាព ដែលជាអ្នកដឹកនាំគាំទ្រទាំងថវិកា ទាំងស្មារតី ក្នុងការអភិរក្សតំបន់នោះក៏សូមផ្ដាំផ្ញើ និងអំពាវនាវដល់ប្រជាពលរដ្ឋសូមមេត្តាកុំរូបរានទន្ទ្រានដីព្រៃនិងសូមចូលរួមថែរក្សាអភិរក្សនៅកន្លែងនេះ ទុកជាជម្រកសត្វយូរវង្វែង និងជាផលប្រយោជន៍សម្រាប់តំបន់ ក៏ដូចជាមុខមាត់ស្រុកស្វាយអន្ទរដែលមានសត្វស្លាបដ៏ច្រើនផងដែរ៕

ដោយ ៖ នុត នាង

ads banner