ក្រសួងវប្បធម៌ កំណត់យកបទអន្តរាគមន៍គន្លឹះចំនួន ៤ មកពិភាក្សា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ និងដាក់ទិសដៅបន្ត
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមវត្តមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយកំណត់យកបទអន្តរាគមន៍គន្លឹះចំនួន ៤ មកពិភាក្សា ។ សន្និបាទនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានអង្គភាព ប្រធានមន្ទីរ និងមន្ត្រីរាជការចាប់ពីប្រធានការិយាល័យឡើងសរុបចំនួន ៥២៦នាក់ ។
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សន្និបាតឆ្នាំនេះ បន្តរៀបចំក្នុងកម្រិតផ្ទៃក្នុងក្រសួងដូចឆ្នាំមុនដែរ ដែលមានរយៈពេល ១ថ្ងៃកន្លះ ប៉ុន្តែកំណត់យកបទអន្តរាគមន៍គន្លឹះត្រឹមតែចំនួន៤ ប៉ុណ្ណោះ សម្រាប់កិច្ចពិភាក្សា និងផ្តល់ឱកាសដល់សមាជិក សមាជិកាអង្គសន្និបាត ចូលរួមផ្តល់ជាយោបល់ និងធាតុចូល សំដៅពិនិត្យ វាយតម្លៃ បូកសរុប កំណត់បញ្ហាប្រឈម និងដាក់ចេញនូវវិធានការទិសដៅការងារសម្រាប់ឆ្នាំបន្ត ។ ចំពោះកម្មវិធីបិទសន្និបាត នឹងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ១៥ រដ្ឋបាលរាជធានី-ខេត្តទាំង២៥ និងអង្គការសមាគមចំនួន១៦ ដែលគ្រោងអ្នកចូលរួមសរុប ចំនួន ៦៦៤នាក់ ។
លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា ថ្លែងថា លទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៤ ត្រូវបានវាយតម្លៃរហូតដល់ជាង៩០% នៃសកម្មភាពទូទៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលលទ្ធផលនេះ ក៏មានចំណែកដ៏សំខាន់ផងដែរ ពីការចូលរួមគាំទ្រ សហការ សម្របសម្រួលរបស់ក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន ប្រទេសជាដៃគូ អង្គការជាតិ-អន្តរជាតិ ក៏ដូចជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សិល្បករ សិល្បការិនីក្នុងនិងក្រៅប្រព័ន្ធ និងប្រជាជនគ្រប់មជ្ឈដ្ឋាន ដែលសុទ្ធតែជាតួអង្គដ៏ចាំបាច់ក្នុងការពង្រឹង និងជំរុញវិស័យវប្បធម៌និងវិចិត្រសិល្បៈ ឱ្យស្ថិតនៅលើវិថីមួយ ដ៏ត្រឹមត្រូវ ជោគជ័យ និងការពារបាននូវប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ។
លោកជំទាវ បណ្ឌិតសភាចារ្យ បានលើកឡើងអំពីការងារពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ដោយក្នុងរយៈពេល ១៧ខែកន្លងមក មន្ត្រីក្រសួងគ្រប់លំដាប់ថ្នាក់ បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការបំពេញការងារ ទៅតាមតួនាទីនិងភារកិច្ច ស្របទៅតាមគោលនយោបាយ និងផែនការសកម្មភាពអាទិភាព ដោយបានផ្តើមចេញពីការងារ ពង្រឹង និងរៀបចំផ្ទះខ្លួនឯងឱ្យបានរៀបរយ ។
លោកជំទាវរដ្ឋមន្ត្រី ក៏បានណែនាំអង្គសន្និបាតគួរបន្តបង្ហាញ និងពិភាក្សា ទៅលើការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាមុំមួយដ៏សំខាន់ក្នុងការពង្រឹងរដ្ឋបាលសាធារណៈរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកបដោយតម្លាភាព ស័ក្តិសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីបន្តចូលរួមប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ក្នុងកិច្ចការកែទម្រង់របស់រាជរដ្ឋាភិបាល ។
លោកជំទាវ បានថ្លែងអបអរសាទរចំពោះសមិទ្ធផលថ្មីៗសម្រេចបាន ដោយរាប់បញ្ចូលទាំងវឌ្ឍនភាពថ្មីៗ នៃនិយ័តកម្មនិងគម្រូថ្មី នៃកិច្ចសម្របសម្រួលក្នុងវិស័យភាពយន្ត ភាពផុសផុលនៃការចូលរួមនិងការបង្កើតស្នាដៃថ្មីនៃសិល្បៈតូរ្យតន្ត្រី រួមជាមួយសន្ទុះទៅមុខនៃការផ្សព្វផ្សាយបំផុសសកម្មភាពអាននិងតែងនិពន្ធ ជាពិសេស ការចុះក្រមាក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលជាមោទនភាពថ្មីសម្រាប់ជាតិ និងប្រជាជន ។
លោកជំទាវ ភឿង សកុណា បានបន្តវាយតម្លៃខ្ពស់ចំពោះកិច្ចការអភិរក្ស ជួសជុល ស្រាវជ្រាវ និងបណ្តុះបណ្តាលរបស់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដែលកំពុងស្ថិតក្នុងចរន្តមួយត្រឹមត្រូវ និងក្លាយជាគម្រូជោគជ័យ ជាមួយនឹងនីតិវិធី និងយន្តការការងារច្បាស់លាស់ ។ លោកជំទាវ ថា មកទល់បច្ចុប្បន្ន ការងារស្រាវជ្រាវ ចងក្រង ផ្សព្វផ្សាយទាំងទៅលើបេតិកភណ្ឌរូបី អរូបី សិល្បៈបុរាណ ។ល។ ត្រូវបានរៀបចំអនុវត្តទៅតាមប្រភេទការងារនៃអង្គភាពរៀងៗខ្លួន និងស្ថិតក្នុងស្ថានភាពដាច់ៗពីគ្នា ព្រមទាំងពុំទាន់មានយន្តការរួម និងការប្រគល់ភារកិច្ចច្បាស់លាស់។ យោងលើភាពចាំបាច់នៃការងារនេះ ខ្ញុំស្នើសុំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បង្ហាញលើក្របខ័ណ្ឌការងារស្រាវជ្រាវផ្ទាល់របស់សាកល វិទ្យាល័យ ដើម្បីជាគោលជូនអង្គសន្និបាត ក្នុងការពិនិត្យផ្តល់យោបល់ទៅលើលទ្ធភាពប្រមូលផ្តុំកិច្ចការ ស្រាវជ្រាវឱ្យស្ថិតនៅក្នុងយន្តការតែមួយនិងអាចដំណើរការបាន ។
លោកជំទាវរដ្ឋមន្ត្រី ជឿជាក់ថា ភាពសកម្មចូលរួមរបស់អង្គសន្និបាត នឹងក្លាយជាវេទិកាសំខាន់ សម្រាប់ការកែសម្រួលផែនការសកម្មភាព និងការកំណត់ទិសដៅការងារបានល្អ ឈានដល់ការសម្រេចសមិទ្ធផលថ្មីបន្ថែមសម្រាប់ឆ្នាំ២០២៥នេះ ៕
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_14-31-28-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_14-31-29-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_14-31-37-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_14-31-36-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_14-31-35-1024x576.jpg)
អត្ថបទ៖ វណ្ណលុក
រូបភាព៖ គ្រី សម្បត្តិ