អាជ្ញាធរក្រុង និងចៅសង្កាត់ទាំង១០ ខេត្តបាត់ដំបង ចូលរួមពិភាក្សាការផលិតកញ្ចប់ព័ត៌មានជាមួយមន្ត្រីគម្រោង
បាត់ដំបង៖កិច្ចប្រជុំពិភាក្សាក្នុងការផលិតកញ្ចប់ព័ត៌មានដើម្បីធ្វើការផ្សព្វផ្សាយដល់អតិថិជនប្រើប្រាស់ទឹកស្អាតរវាង”អ្នកផ្តល់ និងអ្នកទទួលសេវាទឹកស្អាត” ជាមួយអាជ្ញាធរក្រុងនិងតំណាងអាជ្ញាធរមូលដ្ឋាន នៃសង្កាត់ ទាំង១០ក្នុងក្រុងបាត់ដំបង ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៥ ខែកុម្ភៈ ដើម្បីផ្សព្វផ្សាយជូនដំណឹងស្តីពី៖ ការអនុវត្តគម្រោងសកម្មភាព និងការស្នើសុំសហការជ្រើសរើសជនបង្គោលសម្របសម្រួល អ្នកប្រើប្រាស់ទឹកស្អាត នៅតាមឃុំ- សង្កាត់ នៃ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
កិច្ចប្រជុំពិភាក្សាខាងលើចូលរួមមន្ត្រីគម្រោង របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំដោយលោក សុខ ពុធពណ្ណរាយ និងមន្ត្រីសម្របសម្រួលបច្ចេកទេស របស់ក្រសួង។
ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង បានលើកឡើងក្នុងកិច្ចពិភាក្សាថា ការផលិតកញ្ចប់ព័ត៌មានសម្រាប់ផ្សព្វផ្សាយដល់អតិថិជននិងការស្នើសុំកិច្ចសហការជ្រើសរើសជនបង្គោលសម្របសម្រួលអ្នកប្រើប្រាស់ទឹកស្អាតនៅតាមឃុំ-សង្កាត់នៃក្រុងបាត់ដំបង ខេត្តបាត់ដំបង គឺដើម្បីជំរុញនិងធ្វើយ៉ាងណាឱ្យការផ្តល់សេវាទឹកស្អាត និងអ្នកទទួលសេវាទឹកស្អាតដែលជាអតិថិជនមានការទំនាក់ទំនងផ្លាស់ប្តូរយោបល់គ្នាក្នុងការជំរុញឱ្យសេវាផ្គត់ផ្គង់ទឹកស្អាតកាន់តែមានប្រសិទ្ធភាព និងទុកចិត្តបានក្នុងក្របខណ្ឌគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលជាហិរញ្ញប្បទាន សម្បទានរបស់ធនាគារពិពភលោក ជាមួយនិងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ធនាគារពិភពលោកដោយបានធ្វើការជ្រើសរើសរដ្ឋាករទឹកបាត់ដំបង ដើម្បីអនុវត្តការងារក្នុង «ការចូលរួម របស់ អតិថិជន» សម្រាប់ឆ្នាំ២០
២៥។
តាមរយៈការធ្វើបទបង្ហាញពីអ្នកសម្របសម្រួលគម្រោងខាងលើ ក៏បានបង្ហាញថា៖ការអនុវត្តគម្រោងនិងការចូលរួមពីអតិថិជន ក្នុងក្របខណ្ឌជំរុញការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យក្នុងក្រុងបាត់ដំបង ត្រូវបានចែកចេញជា ៣ដំណាក់កាល។
តាមរយៈកិច្ចប្រជុំពិភាក្សានេះផ្តោតសំខាន់ ក្នុងក្របខ័ណ្ឌគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងកម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១ដល់២០៣០)ដែលជាសមាសធាតុសំខាន់មួយ នូវ ក្នុងការកែលម្អអភិបាលកិច្ចរបស់រាជរដ្ឋាភិបាលនិងការពង្រឹងនូវការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិឱ្យកាន់តែទទួលប្រសិទ្ធភាព និងភាពជាដៃគូរវាងអ្នកទទួលសេវា និង អ្នកផ្តល់សេវា តាមរយៈការលើកស្ទួយ និងជំរុញឱ្យអតិថិជនចូលរួមក្នុងដំណើរការអនុវត្តគម្រោងទៅតាមដំណាក់កាលនីមួយៗរបស់ខ្លួន៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.