លោក Rubio ៖ នាវាអាមេរិកមិនគួរបង់ប្រាក់ ឆ្លងកាត់ព្រែកជីកប៉ាណាម៉ា
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio បាននិយាយថា «មិនសមហេតុផល» សម្រាប់កប៉ាល់រដ្ឋាភិបាលអាមេរិក ក្នុងការបង់ប្រាក់ នៅពេលឆ្លងកាត់ព្រែកជីក ប៉ាណាម៉ា របស់ប្រទេសប៉ាណាម៉ា។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា «វាជារឿងមិនសមហេតុផលសម្រាប់កប៉ាល់កងទ័ពជើងទឹកអាមេរិក ក្នុងការបង់ប្រាក់ ដើម្បីឆ្លងកាត់ព្រែកជីកប៉ាណាម៉ា» ជាការនិយាយ បន្ទាប់ពីប្រធានាធិបតីប៉ាណាម៉ា បានបដិសេធលើកិច្ចព្រមព្រៀង ស្តីពីការឆ្លងកាត់ ដោយឥតគិតថ្លៃ។
លោក Rubio បានប្រាប់អ្នកយកព័ត៌មាន ក្នុងពេលបំពេញទស្សនកិច្ច ក្រៅប្រទេសថា «ខ្ញុំយល់ឃើញថា វាមិនសមហេតុសមផលទេ ដែលយើងត្រូវបង់ថ្លៃធ្វើដំណើរឆ្លងកាត់តំបន់ ដែលយើងមានកាតព្វកិច្ចការពារ ក្នុងពេលមានជម្លោះ…ទាំងនោះគឺជាការរំពឹងទុករបស់យើង»។
ទោះជាយ៉ាងណាក៏ដោយ លោក Rubio បានបញ្ឈប់ការទទូចដែលថា មានកិច្ចព្រមព្រៀងលែងគិតប្រាក់ឆ្លងកាត់។ លោកបាននិយាយថា «ពួកគេជារដ្ឋាភិបាល ដែលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ ពួកគេមានច្បាប់ ពួកគេនឹងអនុវត្តតាមដំណើរការរបស់ពួកគេ ប៉ុន្តែ ការរំពឹងទុករបស់យើង នៅតែដដែល»។
ក្រសួងការបរទេសអាមេរិក បានបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃពុធ ថា ប៉ាណាម៉ានឹងលើកលែងកប៉ាល់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ពីថ្លៃសេវា» ពោលគឺនៅប៉ុន្មានថ្ងៃ បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោក Rubio នៅប្រទេសប៉ាណាម៉ា។ ក្រសួងថា សន្សំរាប់លានដុល្លារ ក្នុង១ឆ្នាំៗ ពីការលែងបង់ថ្លៃឆ្លងកាត់។
តែ ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានហៅការលើកឡើងនេះថា «មិនពិត» និង ថា «ជាមិនអាចអត់ឱន បានឡើយ»។ បញ្ហានេះ បានកើតមានឡើង ស្របពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមដណ្តើមយកព្រែកជីកប៉ាណាម៉ា មកវិញ បន្ទាប់ពីអាមេរិកប្រគល់ឲ្យ ប៉ាណាម៉ា គ្រប់គ្រង តាំងពីឆ្នាំ១៩៩៩៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត