អ៊ីរ៉ង់សម្ញែងនាវាដឹកយន្តហោះគ្មានមនុស្សបើក អាចផ្ទុកដ្រូន ៦០គ្រឿង និងមីស៊ីល ៣០០គ្រាប់
តេហេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA របស់អ៊ីរ៉ង់ បានរាយការណ៍ថា កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានទទួលជោគជ័យក្នុងការ
អភិវឌ្ឍនាវាដឹកយន្តហោះគ្មានមនុស្សបើក មានឈ្មោះថា “Shahid Bagheri” ដែលផលិតក្នុងស្រុក។
នាវាផ្ទុកយន្តហោះគ្មានមនុស្សបើកនេះ មានប្រវែង ២៤០ម៉ែត្រ និងកម្ពស់ ២១ម៉ែត្រ ហើយអាចផ្ទុកយន្តហោះគ្មានមនុស្សបើកបានដល់ទៅ ៦០គ្រឿង រួមទាំងមីស៊ីលចំនួន ៣០គ្រាប់ ក្នុងនោះមានមីស៊ីលហោះបានចម្ងាយចាប់ពី ៧៥០ទៅ២,០០០គីឡូម៉ែត្រ។
លើសពីនេះ នាវាផ្ទុកយន្តហោះគ្មានមនុស្សបើកខាងលើ ក៏អាចផ្ទុកក្រុមទូកធ្វើដំណើរលើសពី ៣០,០០០គីឡូម៉ែត្រ។
បើតាមរបាយការណ៍ នាវានេះក៏អាចដើរតួជានាវាចម្បាំង អនុវត្តប្រតិបត្តិការការពារ និងវាយលុកផងដែរ ដោយសារតែប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកទំនងជាត្រូវបានដំឡើងនៅលើនាវាផ្ទុកយន្តហោះដ្រូននេះ។
នាវាដឹកយន្តហោះដ្រូននេះ ត្រូវបានបញ្ជូនទៅចូលរួមជាមួយកងនាវាចម្បាំងរបស់កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) នៅឯឆ្នេរសមុទ្រនៃទីក្រុងកំពង់ផែ Bandar Abbas ភាគខាងត្បូង។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-07_13-31-03-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-07_13-31-03-3-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-07_13-31-03-2-1024x682.jpg)
ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា