ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង អ៊ីស្រាអែល ៣នាក់ទៀតនៅហ្គាហ្សា
ហ្គាហ្សា ៖ កងពលតូច Al-Qassam Brigades ដែលជាស្លាបយោធានៃក្រុមហាម៉ាស់ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន ៣នាក់ទៀត ពីទីក្រុង Deir al-Balah នៅភាគកណ្តាលតំបន់ហ្គាហ្សា។

ជាថ្នូរនឹងគ្នា ក្រុមហាម៉ាស់បាននិយាយថា អ៊ីស្រាអែលក៏នឹងដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ១៨៣នាក់។
ការដោះលែងនេះ គឺជាការដោះដូរអ្នកទោសជាលើកទី៥ហើយ ស្ថិតក្រោមដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកទោសរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល។

កិច្ចព្រមព្រៀងបទឈប់បាញ់ដំណាក់កាលទី១នេះ កើតឡើងក្រោមការជួយសម្របសម្រួល ដោយ អេហ្ស៊ីប និង កាតា ដោយ មាន ការ គាំទ្រ ពី សហរដ្ឋ អាមេរិក ហើយមានគោលបំណងបន្ធូរបន្ថយជម្លោះនៅតំបន់ហ្គាហ្សា។
ការដោះដូរចំនួន ៤លើកមុន បាននាំឱ្យមានការដោះលែងចំណាប់ខ្មាំងចំនួន ១៨នាក់ពីតំបន់ហ្គាហ្សា និងអ្នកទោសប៉ាឡេស្ទីនប្រហែល ៦០០នាក់ចេញពីគុកអ៊ីស្រាអែល។
ដោយចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ដំណាក់កាលដំបូងរយៈពេល ៤២ថ្ងៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ចែងថា ក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំង ៣៣នាក់ ខណៈដែលអ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់៕
ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា
