ខែមករា វៀតណាមកើបលុយជិត ៨០០លានដុល្លារពីការនាំចេញកាហ្វេ
ហាណូយ ៖ យោងតាមសមាគមកាហ្វេ និងកាកាវវៀតណាម បានឱ្យដឹងថា ប្រទេសអាស៊ាននេះបាននាំចេញកាហ្វេចំនួន ១៥៤,៦៣៥តោន គិតជាលុយប្រហែល ៧៩៩,៥លានដុល្លារក្នុងខែមករា ដើមឆ្នាំ ២០២៥នេះ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-09_13-04-12-1024x682.jpg)
ក្នុងចំណោមតួលេខសរុបនេះ ការនាំចេញកាហ្វេបៃតងមានចំនួន ១៣៧.៥៦៨តោន រកចំណូលបាន ៦៩៤,៩លានដុល្លារ បរិមាណនេះធ្លាក់ចុះ ៣៨,២% ប៉ុន្តែតម្លៃបានកើនឡើង ៨,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញកាហ្វេកែច្នៃបានឈានដល់ ១៧,០៦៧តោន ឬ ១០៤,៦លានដុល្លារ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-09_13-04-15-1024x682.jpg)
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានកំណត់ទិសដៅផលិតកម្មកាហ្វេចំនួន ១,៩៨លានតោនសម្រាប់ឆ្នាំ ២០២៥ តួលេខនេះខ្ពស់ជាងគោលដៅកាលពីឆ្នាំមុនបន្តិច។ ក្រសួងកសិកម្មអាមេរិកព្យាករណ៍ថា ការប្រើប្រាស់កាហ្វេសកល សម្រាប់រដូវដាំដុះឆ្នាំ ២០២៤-២០២៥ នឹងកើនឡើង ៥,១លានថង់ដល់ ១៦៨,១លានថង់។
ការនាំចេញកាហ្វេរបស់វៀតណាម ត្រូវបានព្យាករណ៍ថា នឹងកើនឡើងពី ១.៨លានថង់ដល់ ២៤.៤លានថង់។ ដោយឡែក ក្នុងឆ្នាំ ២០២៤ វៀតណាមបាននាំចេញកាហ្វេចំនួន ១,៣៥លានតោន មានតម្លៃ ៥,៦២ពាន់លានដុល្លារ ខណៈដែលតម្លៃនាំចេញកាហ្វេជាមធ្យមឈានដល់កម្រិតខ្ពស់បំផុត គឺ ៤,១៧៨ដុល្លារក្នុងមួយតោន៕
ប្រភព ៖ VNExpress ប្រែសម្រួល៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-09_13-04-19-1024x682.jpg)