ជប៉ុនថា កូរ៉េខាងជើងផ្តើមផលិតដ្រូនជាមួយរុស្ស៊ី
ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ប្រទេសជប៉ុន បានរាយការណ៍ថា កូរ៉េខាងជើងត្រូវបានគេជឿជាក់ថា នឹងចាប់ផ្តើមផលិតយន្តហោះគ្មានមនុស្សបើក ឬដ្រូនរួមគ្នាជាមួយរុស្ស៊ីនៅឆ្នាំ ២០២៥នេះ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-09_16-12-01-1024x675.jpg)
ប្រភពជាច្រើនដែលដឹងពីទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើង បានប្រាប់សារព័ត៌មាន NHK ថាប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយដែលកូរ៉េខាងជើងនឹងទទួលបានជំនួយបច្ចេកទេសពីរុស្ស៊ី ក្នុងការអភិវឌ្ឍន៍យន្តហោះគ្មានមនុស្សបើកជាច្រើនប្រភេទ ដែលនឹងត្រូវផលិតទ្រង់ទ្រាយធំ។
ប្រភពបានឲ្យដឹងទៀតថា កិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍន៍យន្តហោះគ្មានមនុស្សបើក គឺដើម្បីជាថ្នូរនឹងការដាក់ពង្រាយទាហានរបស់កូរ៉េខាងជើង ដើម្បីជួយដល់រុស្ស៊ី ដែលកំពុងបន្តការលុកលុយប្រឆាំងអ៊ុយក្រែន។
កិច្ចព្រមព្រៀងនេះ កើតឡើងខណៈដែលរុស្ស៊ី និងកូរ៉េខាងជើង កំពុកំពុងពង្រឹងទំនាក់ទំនងយោធាទ្វេភាគី។ តួយ៉ាង កាលពីឆ្នាំមុន មេដឹកនមេដឹកនាំប្រទេសទាំងពីរ បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ។
ប្រភពបានឲ្យដឹងទៀតថា រុស្ស៊ីកំពុងស្ទាក់ស្ទើរ ដើម្បីផ្តល់ការគាំទ្រសម្រាប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្រោមហេតុផល រុស្ស៊ីព្រួយបារម្ភថា ការជួយនេះនឹងធ្វើឱ្យទំនាក់ទំនងកូរ៉េខាងជើងមានភាពស្មុគស្មាញជាមួយសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសជិតខាង រួមទាំងប្រទេសចិនផងដែរ៕
ប្រភព ៖ NHK ប្រែសម្រួល៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-09_16-12-04-1024x682.jpg)