អូស្រ្តាលីព្រមានប្រជាជនឱ្យត្រៀមខ្លួនទប់ទល់ទឹកជំនន់ដ៏ធំបន្ថែមទៀត

កង់បេរ៉ា ៖ ប្រជាជនអូស្រ្តាលីបានទទួលការព្រមាន អំពីគ្រោះទឹកជំនន់ដ៏ធំសម្បើមសាជាថ្មីម្តងទៀតនៅភាគឦសាននៃប្រទេស ស្របពេលដែលភ្លៀងធ្លាក់ខ្លាំងបានវិលមកបង្កការគំរាមកំហែងតំបន់នេះទៀត។

ការិយាល័យឧតុនិយមអូស្រ្តាលី (BoM) កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានចេញការព្រមានអំពីគ្រោះមហន្តរាយទឹកជំនន់ក្នុងទ្រង់ទ្រាយធំ និងតូចនៅតាមទីប្រជុំជននានា ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រប្រវែង ៣០០គីឡូម៉ែត្រ ក្នុងតំបន់ឆ្នេរត្រូពិចខាងជើងនៃរដ្ឋ Queensland។

យោងតាមការព្រមានរបស់ការិយាល័យឧតុនិយមអូស្រ្តាលី (BoM) ការព្យាករណ៍ពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍នេះ អាចបង្កឱ្យមានទឹកជំនន់ភ្លាមៗដ៏គ្រោះថ្នាក់ និងគំរាមកំហែងដល់អាយុជីវិតប្រជាជនក្នុងតំបន់។

សារព័ត៌មានអូស្ត្រាលី 9News បានរាយការណ៍ថា ក្រុមជំនួយ និងក្រុងជួយសង្គ្រោះមកពីទូទាំងប្រទេស ត្រូវបានដាក់ពង្រាយទៅកាន់តំបន់រងគ្រោះ ដើម្បីជួយគាំទ្រដល់អាជ្ញាធរក្នុងតំបន់។ បន្ថែមលើនេះ រដ្ឋាភិបាលសហព័ន្ធ កាលពីថ្ងៃសៅរ៍ ក៏បានពង្រីកតំបន់មានសិទ្ធិទទួលបានការទូទាត់ប្រាក់ពីការលំបាកផ្ទាល់ខ្លួនផងដែរ។

ភាគឦសាននៃប្រទេសអូស្រ្តាលីបានទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ដ៏មហន្តរាយចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈកន្លងមក ដោយមានមនុស្សពីរនាក់បានស្លាប់ និងខូចខាតទ្រព្យសម្បត្តិ រួមទាំងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន។ យ៉ាងណាមិញ ភ្លៀងធ្លាក់ខ្លាំងត្រូវបានរំពឹងថា នឹងធូរស្រាលវិញនៅក្នុងថ្ងៃចន្ទសប្តាហ៍ក្រោយនេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner