ជប៉ុនប្រើផ្កាយរណបប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ
តូក្យូ ៖ ក្រុមអ្នកស្រាវជ្រាវក្នុងប្រទេសជប៉ុនបាននិយាយថា ទិន្នន័យផ្កាយរណបបានបង្ហាញថា កំហាប់កាបូនឌីអុកស៊ីតនៅក្នុងបរិយាកាសផែនដីក្នុងឆ្នាំ ២០២៤ បានកត់សម្គាល់ពីការកើនឡើងខ្ពស់បំផុតពីមួយឆ្នាំទៅមួយឆ្នាំ។
ក្រសួងបរិស្ថាន និងវិទ្យាស្ថានជាតិ សម្រាប់ការសិក្សាបរិស្ថានរបស់ប្រទេសជប៉ុន កំពុងប្រើប្រាស់ផ្កាយរណបមានឈ្មោះថា អ៊ីប៊ូគី (Ibuki) ដើម្បីសង្កេតមើលដង់ស៊ីតេបរិយាកាសនៃឧស្ម័នផ្ទះកញ្ចក់ រួមទាំងឧស្ម័នកាបូនឌីអុកស៊ីត និងមេតាន។ ហើយទិន្នន័យប្រមូលបាននេះ ត្រូវបានប្រើដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
អ្នកស្រាវជ្រាវបាននិយាយថា ដង់ស៊ីតេកាបូនឌីអុកស៊ីតកាលពីឆ្នាំមុន ជាមធ្យមគឺ ៤២១.៣ppm ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាពីមុនបានចាប់ផ្តើមក្នុងឆ្នាំ ២០១០ ពោលគឺកើនឡើង ៣.៥ppm ដែលជាកំណត់ត្រាច្រើនបំផុត។
មន្ត្រីក្រសួងបរិស្ថានជប៉ុនបានបញ្ជាក់ថា កំណើនកាបូនឌីអុកស៊ីតពីមួយឆ្នាំទៅមួយឆ្នាំ ទំនងជាបណ្តាលមកពីភ្លើងឆេះព្រៃដ៏ធំនាពេលថ្មីៗនេះនៅក្នុងប្រទេសកាណាដា និងប្រេស៊ីល។ ហេតុផលមួយទៀតដែលបង្កើនការបំភាយឧស្ម័ន គឺបណ្តាលមកពីសកម្មភាពរបស់មនុស្ស ដូចជាការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាដើម។
រដ្ឋមន្ត្រីបរិស្ថានជប៉ុន លោក អាសោ កេអ៊ីឈីរ៉ូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះថា លោកចាត់ទុកទិន្នន័យនេះជាភាពបន្ទាន់ ពីព្រោះការកើនឡើងដង់ស៊ីតេឧស្ម័នផ្ទះកញ្ចក់ គឺជាកត្តាចម្បងនៅពីក្រោយការកើនឡើងសីតុណ្ហភាពភពផែនដី។
លោករដ្ឋមន្រ្តីបន្ថែមទៀតថា ជប៉ុននឹងបន្តធ្វើការជាមួយប្រទេសផ្សេងទៀត ហើយព្យាយាមធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា