សម្តេចធិបតី៖ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍នូវវិនិយោគិនពីគ្រប់តំបន់លើសកលលោក ក្នុងការវិនិយោគនៅកម្ពុជា

ក្នុងឱកាសអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាធារណរដ្ឋហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាជាប្រទេសដែលពោរពេញទៅដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់ ២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។

សម្តេចធិបតីបានបន្តថា សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ១០០។ លើសពីនេះ កម្ពុជាសម្បូរដោយកម្លាំងពលកម្មដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។

កម្ពុជាក៏បានធ្វើទំនើបកម្មហេដ្ឋារចនសម្ព័ន្ធរូបវន្តបានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពលដែលផ្តល់នូវកាលានុវត្តភាពប្លែកពីគេសម្រាប់វិនិយោគ។ ក្នុងយុទ្ធសាស្ត្របញ្ចកោណដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ក៏បានបន្ថែមនូវមុំយុទ្ធសាស្ត្រថ្មីបន្ថែមលើបច្ចេកវិទ្យា ដែលកំពុងតែសាយភាយលូតលាស់ពេញស្រទាប់យុវជនវ័យក្មេងរបស់កម្ពុជា ដោយអភិវឌ្ឍបាននូវប្រព័ន្ធឌីជីថលសម្រាប់ប្រើប្រាស់បានដ៏ល្អប្រសើរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអះអាងថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍នូវវិនិយោគិនពីគ្រប់តំបន់លើសកលលោក ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner