Trump ថា មិនអភិវឌ្ឍន៍អចលនទ្រព្យផ្ទាល់ខ្លួន នៅGaza
បរទេស ៖ លោក Donald Trump បាននិយាយថា លោកនឹងមិនអភិវឌ្ឍន៍អចលនទ្រព្យផ្ទាល់ខ្លួន នៅក្នុងតំបន់ Gaza នោះទេ។
ប្រធានាធិបតី សហរដ្ឋអាមេរិក Donald Trump បាននិយាយថា លោកនឹងមិនអភិវឌ្ឍន៍អចលនទ្រព្យ នៅតំបន់ហ្គាហ្សា ដោយខ្លួនឯងនោះទេ ខណៈដែលលោកជំរុញឱ្យសហរដ្ឋអាមេរិកគ្រប់គ្រង ទឹកដីប៉ាឡេស្ទីន មួយនេះ។
លោក Trump បាននិយាយបែបនេះ ក្នុងអំឡុងកិច្ចពិភាក្សា នៅឯសេតវិមាន ជាមួយស្តេច ប្រទេសហ្ស៊កដានី ព្រះអង្គម្ចាស់ bdullah II ។ ជាការកត់សម្គាល់ ព្រះអង្គកំពុងដឹកនាំ ការប្រឆាំង តំណាងប្រជាជាតិអារ៉ាប់ ចំពោះផែនការកាន់កាប់របស់ប្រធានាធិបតីអាមេរិក លើការគ្រប់គ្រងតំបន់ហ្គាហ្សា។
លោក Donald Trump បានអះអាងថា «ខ្ញុំមានអាជីពដ៏អស្ចារ្យ នៅក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែ នៅពេលដែលអ្នកបានធ្វើអ្វី ដែលខ្ញុំបានធ្វើនោះ អ្នកអាចធ្វើល្អកាន់តែច្រើន សម្រាប់មនុស្ស ពេលដែលអ្នកធ្វើ ជាប្រធានាធិបតី»។
ស្តេច ហ្ស៊កដានី បានមានព្រះបន្ទូល នាពេលនោះ ថា «ខ្ញុំគិតថា រឿងមួយដែលយើងអាចធ្វើបាន ភ្លាមៗ គឺ នាំយកកុមារចំនួន ២,០០០នាក់ ដែលកើតជំងឺមហារីកធ្ងន់ធ្ងរ ចេញពីតំបន់មានសង្គ្រាម នៅហ្គាហ្សា។
គួរបញ្ជាក់ថា លោក Trump កំពុងជំរុញគំនិតរបស់លោក ក្នុងការយកប្រជាជនប៉ាឡេស្ទីនទាំងអស់ ចេញពីតំបន់ Gaza Strip ហើយបញ្ជូន ទៅប្រទេសហ្ស៊កដានី និងអេហ្ស៊ីប ដើម្បីកាន់កាប់តំបន់ហ្គាហ្សា បង្កើតការងាររាប់ពាន់កន្លែង ពោល គឺក្រោយពេលបញ្ចប់ការប្រយុទ្ធគ្នា រវាងអ៊ីស្រាអែល និងពួកហាម៉ាស់។ គំនិតនេះ ត្រូវបានបញ្ចេញ ក្នុងពេលទទួលជួប នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថ្មីៗនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត