ឯកឧត្តម ខ្វៃ អាទិត្យា ៖ ការផ្សាយរបស់កាសែត The Nation Thailand មិនពិតលើករណីមានភ្លើងឆេះព្រៃនៅកម្ពុជា
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានធ្វើការច្រានចោលចំពោះការផ្សាយរបស់កាសែត The Nation Thailand កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលចោទប្រកាន់ថា មានភ្លើងឆេះព្រៃនៅខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា បណ្តាលឱ្យឆ្លងដែនចូលខេត្តត្រាត ភាគខាងកើតនៃប្រទេសថៃ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភ្លើងឆេះព្រៃ ដោយមិនធ្វេសប្រហែសបណ្តាលឱ្យមានភ្លើងឆេះព្រៃ ដែលនាំឱ្យមានការបាត់បង់ធនធានធម្មជាតិ និងជីវៈចម្រុះ ប៉ះពាល់ដល់សុខភាពបរិស្ថាន និងប៉ះពាល់ដល់សុខភាពប្រជាជនកម្ពុជាឡើយ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១២ ខែកុម្ភៈនេះ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា ការផ្សព្វផ្សាយរបស់សារព័ត៌មាន The Nation Thailand មិនមានមូលដ្ឋានច្បាស់លាស់ និងមិនត្រឹមត្រូវទេ។

ឯកឧត្តម បានសង្កាត់ធ្ងន់ថា “នៅក្នុងតំបន់នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ពុំមានព្រៃស្រោងនោះទេ ដោយនៅតំបន់នេះមានតែវាស្មៅតែប៉ុណ្ណោះ ហើយចំពោះការឆេះ គឺមានពិតប្រាកដមែន ប៉ុន្តែមានលក្ខណៈជាដុំដាច់ដោយឡែកតិចតួចប៉ុណ្ណោះទៅលើស្មៅ និងស្លឹកឈើមួយចំនួននៅតំបន់នោះ ដោយពុំមានការឆេះជាទ្រង់ទ្រាយធំ ដែលបណ្ដាលឲ្យឆ្លងដែនទៅដល់ប្រទេសថៃនោះទេ”។

ឯកឧត្តម ខ្វៃ អាទិត្យា អះអាងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់លើវិធានការទប់ស្កាត់ និងបង្ការភ្លើងឆេះព្រៃ ដោយមិនបណ្តែតបណ្តោយឱ្យមានករណីភ្លើងឆេះព្រៃរាលដាលរហូតបង្ករឱ្យមានគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជានោះឡើយ។
យោងតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកវាលវែង បានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រសារព័ត៌មាន www.nationthailand.com របស់ប្រទេសថៃបានចុះផ្សាយថា “ភ្លើងឆេះព្រៃនៅកម្ពុជាឆេះឆ្លងទៅព្រៃឈើ នៅភ្នំ Banthat ខេត្តត្រាត ប្រទេសថៃ និងបណ្តាលឱ្យគ្រាប់មីនផ្ទុះ”។
ករណីនេះ រដ្ឋបាលស្រុកវាលវែង ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយនេះ និងបញ្ជាក់ថា ក្នុងភូមិសាស្ត្រឃុំថ្មដា របស់ស្រុកវាលវែង ដែលជាឃុំជាប់ព្រំប្រទល់ជាមួយប្រទេសថៃ មានករណីភ្លើងឆេះស្មៅអំបោស និងស្បូវបន្តិចបន្តួចប៉ុណ្ណោះ ពុំមានឆេះព្រៃស្រោង ឬដើមឈើធំៗ ដែលធ្វើឱ្យឆេះព្រៃរបស់ប្រទេសថៃឡើយ។
ចំពោះការឆេះស្មៅអំបោស ឬស្បូវក្នុងភូមិសាស្ត្រស្រុកវាលវែង អាជ្ញាធរ តែងតែធ្វើការទប់ស្កាត់បានទាន់ពេល ពុំដែលបណ្តែតបណ្តោយទុករហូតប៉ះពាល់ដល់ជីវិតមនុស្ស សត្វ និងជីវៈចម្រុះឡើយ។ ចំពោះការឆេះព្រៃនៅភ្នំ Banthat ខេត្តត្រាត របស់ប្រទេសថៃ គឺពុំមានពាក់ព័ន្ធនឹងប្រទេសកម្ពុជា ដូចដែលបានចុះផ្សាយនៅក្នុងគេហទំព័រខាងលើនោះឡើយ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រុបភាព ៖ រិន រចនា
