អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បដិសេធការចោទប្រកាន់របស់អង្គការសង្គមស៊ីវិលថា អាជ្ញាធរររឹតត្បិតសិទ្ធិបញ្ចេញមតិជាង៩០%
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្តា បានលើកឡើងថា ការចោទប្រកាន់របស់អង្គការអាដហុក ទៅលើអាជ្ញាធរនៅតាមមូលដ្ឋានបានគាបសង្កត់សិទ្ធិសេរីភាពបញ្ចេញមតិជាង៩០% នៅពេលបើកការជួបជុំជាមួយប្រជាពលរដ្ឋម្តងៗនោះ គឺ ជារឿងមិនពិតដែលមិនបានឆ្លុះបញ្ចាំងពីការពិតនៅក្នុងសង្គមជាតិឡើយ។
កាលពីថ្ងៃ១០ ខែកុម្ភៈ អង្គការអាដហុកបានចេញផ្សាយរបាយការណ៍មួយបង្ហាញថា ក្នុងឆ្នាំ២០២៤កន្លងមក មានជាង៩០% អាជ្ញាធរតាមសហគមន៍មូលដ្ឋាន ស្ថិតក្នុងភូមិចំនួន២៩៦ ឃុំចំនួន១១១ ស្រុកចំនួន៦៦ នៃខេត្តគោលដៅចំនួន២២ បានរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ តាមរយៈការជួបជុំដោយសន្តិវិធី ដែលជាការរំលោភច្បាប់ជាតិ-ច្បាប់អន្តរជាតិមានជាធរមាន តាមរយៈការសួរនាំរកលិខិតអនុញ្ញាត ថតរូប រកលេខទូរស័ព្ទអ្នកចូលរួមជាដើម។

ករណីនេះ លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឆ្លើយតបថា អ្វីដែលជាការលើកឡើងពីសំណាក់អង្គការនេះ គឺជារឿងមិនពិតនោះទេ ព្រោះជាធម្មតានៅពេលមានការជួបប្រជុំជាសាធារណៈរបស់អ្នកណាក៏ដោយ ក្នុងនាមជាអាជ្ញាធរនៅតាមមូលដ្ឋានតែងតែសួរនាំជារឿងធម្មតានោះទេ ដើម្បីចង់ដឹង និងការពារសុវត្ថិភាព គ្មានអ្វីចំឡែកឡើយ។ ប៉ុន្តែលោកថា រាល់ពេលដែលអាជ្ញាធរទៅសួរនាំ ឃ្លាំមើល ឬទៅសួររករបាយការណ៍អ្វីជាដើមនោះ បែរជាអាដហុកចោទថា ជាការរិតត្បិតសិទ្ធិសេរីភាពទៅវិញ។ “ប៉ុន្តែយើងក៏គួរតែយល់ផងដែរថា អាជ្ញាធរមូលដ្ឋាន គឺលោកមានការទទួលខុសត្រូវណាស់ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ជាពិសេសបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ជាដើម។ បើយើងគិតថា យើងជាអង្គការសង្គមស៊ីវិល យើងត្រូវធ្វើអ្វីមួយនៅក្នុងមូលដ្ឋានរបស់ពួកគាត់ដោយមិនឱ្យពួកគាត់បានដឹង អានោះក៏ជាការមិនសមស្របដែរ។ ម្យ៉ាងទៀត ក្នុងនាមជាអង្គការសង្គមស៊ីវិលយើងត្រូវតែប្រកាន់ខ្ជាប់នូវច្បាប់ពាក់ព័ន្ធជាធរមាន ក៏ដូចជាលក្ខខណ្ឌកន្តិៈដែលខ្លួនបានដាក់តម្កល់នៅក្នុងក្រសួងស្ថាប័នពាក់ព័ន្ធ”។
លោក ស្រ៊ាង ចិន្តា បន្ថែមថា ដូច្នេះហើយ ការរាយការណ៍ ឬក៏ការសហការជាមួយអាជ្ញាធរ គឺជារឿងមួយសំខាន់ ព្រោះបើសិនមានឧបទ្ទវហេតុអ្វីកើតឡើង អ្នកដែលទទួលខុសត្រូវគឺអាជ្ញាធរ ។ លោកក៏បានស្នើថា រាល់ការប្រើប្រាស់សិទ្ធិបញ្ចេញមតិរបស់ខ្លួនត្រូវតែស្ថិតនៅក្នុងព្រំដែននៃច្បាប់បានកំណត់ ធ្វើយ៉ាងណាជៀសវាងដល់ការប៉ះពាល់ដល់សន្តិសុខជាតិ។ ជាមួយគ្នានេះដែរ លោកក៏សំណូមពរដល់ក្រុមអង្គការសង្គមស៊ីវិល មុនចេញរបាយការណ៍ណាមួយ មិនគូរច្បិច ឬយោងតែជ្រុងតូចណាមួយ មកធ្វើសេចក្តីសន្និដ្ឋានដែលមិនឆ្លុះបញ្ចាំងពីការពិតនៅក្នុងសង្គមជាតិនោះឡើយ៕
ដោយ៖ពលជ័យ