ប្រធានសមាគមនារីខេត្តកំពតដឹកនាំការចូលរួមក្នុងពិធីបុណ្យមាឃបូជា

កំពត៖លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខា​សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត​កំពត រួមជាមួយ​ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ​ចូលរួមពិធីបុណ្យមាឃបូជា ដែលរៀបចំធ្វើឡើងនៅប្រាសាទដើមពោធិ៍ ស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត កាលរសៀលថ្ងៃទី១២ និងព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត​កំពត បានថ្លែងឱ្យដឹងថា បុណ្យមាឃបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់មួយនៅក្នុងវិស័យ​ព្រះពុទ្ធសាសនា ដែលប្រជា​ពុទ្ធ​បរិស័ទដែលកាន់សាសនាព្រះពុទ្ធ​ទូទាំងពិភពលោកតែងតែប្រារព្ធជារៀងរាល់ឆ្នាំ។ ព្រះសម្មាសម្ពុទ្ធទ្រង់​ប្រកាស​បង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រឹស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការ​ត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។

លោកជំទាវ បានបន្តថាការរៀបចំពិធីបុណ្យនេះធ្វើឡើងបានគឺដោយ​សារ​ប្រទេសជាតិយើងបច្ចុប្បន្នមានសុខ​សន្តិភាព​ពេញលេញ មានការអភិវឌ្ឍ​លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតរបស់​សម្ដេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ។

លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពតបាន​ឱ្យដឹងថា ពិធីបុណ្យមាឃបូជា ប្រារព្ធឡើងដោយ​សារហេតុ៣យ៉ាង៖ ទី១.ដើម្បីរំលឹកនឹកដល់ ព្រះសម្មាសម្ពុទ្ធ ទ្រង់ធ្វើចតុអង្គសន្និបាត។ ទី២. ដើម្បីរំលឹកនឹកដល់ ថ្ងៃដែលព្រះពុទ្ធព្រះបរមគ្រូ ព្រះសម្មាសម្ពុទ្ធ​ទ្រង់សម្ដែង ឱវាទបាតិមោក្ខ។ ទី៣. ដើម្បីរំលឹកនឹកដល់ ថ្ងៃដែលព្រះ​សម្មាសម្ពុទ្ធ​ទ្រង់ដាក់ព្រះជន្មាយុសង្ខារ ដែលទ្រង់នឹងចូលបរិនិព្វាន ៣ខែបន្ទាប់៕


ដោយ៖ សិលា សារិន

ads banner