យុវជន និង ពលរដ្ឋ កាន់តែយល់ដឹងពីអត្ថន័យ“ទិវានៃក្តីស្រឡាញ់” និងខ្លះចាត់ទុកថាជាថ្ងៃបុណ្យប្រទេសដទៃប៉ុណ្ណោះ
(ភ្នំពេញ)៖ទិវាបុណ្យនៃសេចក្តីស្រឡាញ់ឬហៅថា Valentine’s Day ត្រូវបានគេប្រារព្ធឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ។ នៅពេលដល់ថ្ងៃនេះដែរបណ្តាយុវជន ឬពលរដ្ឋប្រុសស្រី តែងបង្ហាញពីទឹកចិត្តរបស់ខ្លួន ចំពោះអ្នកដែលគេស្រឡាញ់ តាមរយៈការទិញ បាច់ផ្កា កាដូ ផ្ញើរសារពីក្តីស្រឡាញ់ និងខ្លះទៀតបបួលគ្នីគ្នាទៅបរិភោគអាហារ ជាមួយគ្នាយ៉ាងសប្បាយរីករាយទៀតផង។
ពិតណាស់ ទិវានៃសេចក្តីស្រលាញ់ ជាថ្ងៃដែលរៀបចំដើម្បីរំឭកដល់សេចក្តីស្រលាញ់របស់បព្វជិតជនជាតិរ៉ូម៉ាំង ដែលសុខចិត្តលះបង់ជីវិតដើម្បីការពារសេចក្តីស្រឡាញ់នាសម័យកាលដ៏យូរលង់មកហើយ។
នាថ្ងៃនេះជនជាតិនៅប៉ែកអឺរ៉ុប និងពលរដ្ឋ នៅតាមបណ្តាប្រទេសជាច្រើនទៀតក៏បានចូលរួមប្រារព្ធថ្ងៃបុណ្យមួយនេះ ដើម្បីបង្ហាញក្តីស្រឡាញ់របស់ខ្លួន ដល់ដៃគូសង្សារ ឪពុកម្តាយ ញាតិមិត្តបងប្អូន ឬមនុសុ្សនៅទីកន្លែងធ្វើការងារជាដើម។
ទាក់ទិនក្នុងរឿងនេះ កញ្ញា ប៉ុក ច័ន្ទវលក្ខណ៍ កំពុងដាក់លក់ផ្កានៅតាមដងផ្លូវ២៧១ ក្នុងរាជធានីភ្នំពេញបានប្រាប់ថាការលក់ផ្កា និងរបស់អនុស្សាវរីយ៍នាឆ្នាំនេះពុំសូវដាច់ប៉ុន្មានទេពោលគឺដូចឆ្នាំមុនៗដែរ។សម្រាប់អ្នកទិញផ្កាសម្រាប់កាដូនៅថ្ងៃនេះដែរគឺច្រើនជាយុវជនប៉ុណ្ណោះ។
ស្រ្តីអ្នកលក់ផ្កាវ័យក្មេងរូបនេះប្រាប់ថា៖”អ្នកមកទិញផ្កាមិនមែន មកទិញសម្រាប់តែគូស្នេហ៍របស់គេទេ គឺពួកគាត់ខ្លះទិញឱ្យមនុស្សជាទីស្រឡាញ់របស់ខ្លួនដូចជាឪពុកម្តាយ សាច់ញាតិ ឬអ្នកមានតួនាទីនៅកន្លែងធ្វើការជាដើម”។
ដោយឡែក អ្នកគ្រូ កប គន្ធា គ្រូបង្រៀនផ្នែករូបវិទ្យា សិស្សជំនាន់ថ្មីប្រចាំ វិទ្យាល័យព្រះស៊ីសុវត្តិមួយរូបបានលើកឡើងថាជាទូទៅសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្តិពុំបានចាប់អារម្មណ៍ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ដូចកាលពីមុនទៀតឡើយ។រយៈពេលប៉ុន្មានឆ្នាំនេះពុំមានសិស្សណាម្នាក់អវត្តមាន ឬបង្ហាញការចាប់អារម្មណ៍ថ្ងៃបុណ្យបរទេសនេះឡើយពោលគឺសិស្សចូលរៀនធម្មតា។
គ្រូបង្រៀនផ្នែកសិស្សសាលាជំនាន់ថ្មីរូបនេះ បានលើកឡើងដោយធ្វើការដាស់តឿនដល់សិស្សានុសិស្សមិនត្រូវភ្លើតភ្លើនថ្ងៃបុណ្យបរទេសមួយនេះឡើយ ហើយពួកគេត្រូវផ្តោតយកចិត្តទុកដាក់ដល់ការសិក្សាជំនួសវិញ ជាជាងចាប់អារម្មណ៍ទៅលើវប្បធម៌បរទេសមួយនេះ។
យ៉ាងណាក្តី គ្រូបង្រៀនផ្នែកសិស្សជំនាន់ថ្មីរូបនេះ ក៏បានលើកទឹកចិត្តដល់យុវជនដែលចង់បង្ហាញក្តីស្រឡាញ់នៅថ្ងៃនេះអាចធ្វើបានដោយការទិញផ្កា កាដូ ឬបង្ហាញការក្តីស្រឡាញ់ដល់ឪពុកម្តាយ ញាតិបងប្អូនក្នុងថ្ងៃនេះក៏ជាជម្រើសមួយល្អផងដែរ។
ទាក់ទិនក្នុងរឿងនេះដែរ យុវជន រីជ្ជ ភក្តី ដែលកំពុងបំពេញការងារនៅក្រុមហ៊ុនឯកជនមួយកន្លែងបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថាថ្ងៃទិវាក្តីស្រឡាញ់គឺជាថ្ងៃមួយដែលត្រូវបានយុវជនសម័យថ្មីមួយចំនួនបានចាប់អារម្មណ៍ទៅលើវា។ទោះបីយ៉ាងណាវាមិនខុសឆ្គងអ្វីទេបើគេចង់បង្ហាញទឹកចិត្តនៅថ្ងៃនេះដូចជាការទិញកាដូ ដល់គ្រូបង្រៀន ឪពុកម្តាយ មិត្តភក្តិ ឬសូម្បីតែគូស្នេហ៍របស់គេ។
យុវជនរូបនេះបានប្រាប់ដែរថា៖”យុវជន ឬសូម្បីតែមនុស្សធំក្តីអាចទិញរបស់របរជូនដល់អ្នកមានគុណដោយក្តីគោរពស្រឡាញ់ដើម្បីបង្ហាញការដឹងគុណឬគោរពស្រឡាញ់។ យ៉ាងណាក្តីយុវជនដាច់ខាតមិនត្រូវភ្លើតភ្លើនថ្ងៃនេះ ដោយធ្វើទង្វើផ្តេសផ្តាសពីព្រោះថាវាមិនមែនវប្បធម៌របស់យើងទេ និងសូម្បីនៅបរទេសក៏គេមិនធ្វើអ្វីដែលមិនល្អដល់វប្បធម៌ប្រពៃណីរបស់គេដែរ”។
អ្នកនាងច្រេង បេត ប្រធានសហគមន៍ទឹកធ្លាក់ឡែងកៅ ស្តិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរីបានឱ្យដឹងថាថ្ងៃទិវានៃសេចក្តីស្រឡាញ់នេះបងប្អូនជនជាតិពូនង(ព្នង)ក៏មានមនុស្សចាប់អារម្មណ៍ច្រើនដែរពិសេសក្នុងស្រទាប់យុវជន។ដោយឡែកសម្រាប់មនុស្សវ័យកណ្តាល ឬមនុស្សចាស់ពុំមាននរណាស្គាល់បានច្រើន ឬសូម្បីតែចាប់អារម្មណ៍ឡើយ។
ប្រធានសហគមន៍តំបន់ភាគឦសាន្តប្រទេសកម្ពុជារូបនេះបានលើកឡើងដែរថា”បើទោះបីយុវជនបានស្គាល់ថ្ងៃនេះក៏ដោយ បើតាមការសង្កេតឃើញថាមានចំនួនតិចតួចទេ។ពួកគេខ្លះអាចបង្ហាញត្រឹមតែការនិយាយសាសងគ្នា ខ្លះផើ្ញសារបង្ហាញក្តីគោរព និងខ្លះទៀតទិញផ្កាជូន លោកគ្រូ អ្នកគ្រូជាដើម”។
គួរបញ្ជាក់ថា៖ក្រសួងអប់រំនាថ្មីៗនេះបានចេញសេចក្តីណែនាំមួយផងដែរមុននឹងថ្ងៃនេះឈានមកដល់។ក្នុងនេះក្រសួងអប់រំបានចេញសេចក្តីណែនាំក្នុងគោលបំណងដើម្បីទប់ស្កាត់ ពីអំពើមិនគប្បីណាមួយពីសំណាក់ យុវជនដែលអាចភ្លើតភ្លើននៃថ្ងៃបុណ្យបរទេសមួយនេះ។
ក្រសួងអប់រំក្រើនរំលឹកថា៖ទិវានេះពុំមែនជាប្រពៃណីរបស់ជន ជាតិខ្មែរយើងទេ។ យុវជន មួយចំនួនតូចនៅឡើយអាច នៅ តែភ្លើតភ្លើន យកថ្ងៃនេះប្រព្រឹត្តិរឿងមិនគប្បី បាត់បង់សេចក្តីថ្លៃថ្នូរជាបុគ្គល និងក្រុមគ្រួសារ ដោយប្រាសចាក វប្បធម៌ និង ប្រពៃណីជាតិរបស់ខ្មែរ។
ដោយឡែកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាថ្មីៗបានចេញ សេចក្តី អំពាវនាវដល់បណ្តាយុវជន និងពលរដ្ឋមួយចំនួន តិចតួច ដែលនៅតែប្រព្រឹត្តិប្រាសចាកសេចក្តីថ្លៃថ្នូរនោះ ដោយឱ្យសិក្សាស្វែងយល់អំពីឫសគល់ និងប្រភពពទិវា នៃ សេចក្តីស្រឡាញ់”ឱ្យច្បាស់លាស់ចៀសវាងប្រព្រឹត្តិអំពោះមិនគប្បីបន្តទៅទៀត៕
ដោយ ៖ ម៉ាដេប៉ូ



