ការផ្តល់ឱកាសឱ្យកីឡាករកីឡាការិនីគុនខ្មែរចេញទៅប្រកួតក្រៅប្រទេស ជាការលើកទឹកចិត្តដល់កីឡាករ ឱ្យខិតខំប្រឹងប្រែង
(ភ្នំពេញ)៖ កីឡាករកីឡាការិនីគុនខ្មែរកម្ពុជា២រូប មានកីឡា ករ ពុធ សំបូរ និងកីឡាការិនី សំ ថារ័ត្នត្រូវបានក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសផ្តល់ឱកាសឱ្យទៅចូលរួមការប្រកួតដណ្តើមខ្សែក្រវាត់ WBC ដែលជាខ្សែក្រវាត់កម្រិតពិភពលោកមួយនៅប្រទេស អូស្រ្តាលី។

លោក ស្រ៊ឺ ស្រេង ប្រធាន ISKA Cambodia ប្រតិភូដឹកនាំ កីឡាករ ពុធ សំបូរ និងកីឡាការិនី សំ ថារ័ត្នចេញទៅ ប្រកួត នៅអូស្ត្រាលី បានឱ្យដឹងថា ការប្រកួតផ្លូវការនឹងធ្វើឡើងនៅ ថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២៥ ។

កីឡាករ ពុធ សំបូរ និងប្រកួតដណ្តើមខ្សែក្រវ៉ាត់ WBC ប៉ះកីឡាករថៃ វ៉ាន់ ឆាលឺម(WANCHALOEM )របស់ថៃ រីឯកីឡាការិនីសំ ថារ័ត្ន ប្រកួតមិត្តភាពប៉ះកីឡាការិនីកូរ៉េកាត់ អូស្រ្តាលី Jane Koo ។លោក ស្រ៊ឺ ស្រេង ប្រធាន ប្រតិភូដឹកនាំកីឡាករ បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងជំរុញឱ្យទទួលបានលទ្ធផលល្អប្រសើរ និងផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែល្បីល្បាញ់នៅលើឆាកអន្តរជាតិ។

អ្នកឧកញ៉ា លាង ម៉េង ស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរប៊ែវើរីជីស មានប្រសាស៍ថា មានប្រវត្តិច្បាស់លាស់យូរអង្វែងដឹកនាំដោយសហគ្រិនពហុជំនាញជួយវិស័យកីឡាច្រើនជាងគេ ដោយជួយឧបត្ថម្ភកីឡាករប្រមាណ ១០០នាក់ ជារៀងរាល់ខែ។

ក្រៅពីឧបត្ថម្ភដល់ដំណើរចេញទៅប្រកួតនៅប្រទេសអូស្ត្រាលីនេះ អ្នកឧកញ៉ាលាងម៉េង ក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគុនខ្មែរទាំងពីររូបឱ្យប្រឹងប្រែងប្រកួតឱ្យអស់ពីលទ្ធភាព ហើយបើទទួលបានជ័យជម្នះ អ្នកឧកញ៉ានឹងផ្តល់ការឧបត្ថម្ភពិសេសបន្ថែមទៀតផងដែរ។
ឯកឧត្តម ខូវ ឆាយ បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងពីររូបត្រូវប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យជម្នះ កិត្យានុភាពជាតិ ក្នុងការប្រកួតអន្តរជាតិមួយនេះ។ បើទោះបីជាមិនជោគជ័យក្នុងការប្រកួតក្តី ក៏ប្រដាល់គុនខ្មែរនៅតែចេញទៅប្រកួតបន្តបន្ទាប់ទៀត ហើយប្រសិនបើយើងចាញ់ហើយ នៅចេញទៅប្រកួតទៀត មានន័យថា ប្រដាល់គុនខ្មែរបរាជ័យជារៀងរហូត ប៉ុន្តែបើយើងនៅតែព្យាយាមតស៊ូប្រកួត នោះនឹងអាចស្វែងរកជោគជ័យក្នុងថ្ងៃណាមួយជាក់ជាមិនខាន។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលកីឡាករប្រដាល់គុនខ្មែរបានចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ WBC នេះ ចាប់តាំងពីឆ្នាំ២០០៨ មក។ នេះជាព្រឹត្តិការណ៍ដ៏កម្រមួយ ដែលប្រដាល់គុនខ្មែរបានចូល ហើយក៏ជាលើកទី៩ ដែលក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា លាង ម៉េង តែងតែឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនីប្រដាល់គុនខ្មែរចេញទៅប្រកួតនៅក្រៅប្រទេស។
ការឧត្ថម្ភគាំទ្ររបស់អ្នកឧកញ៉ា លាង ម៉េង ក្នុងវិស័យកីឡាប្រដាល់គុនខ្មែរលើសពីដៃគូឧបត្ថម្ភ ដោយក្រៅពីឧបត្ថម្ភគាំទ្រដល់កម្មប្រកួតកម្មវិធីក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឧបត្ថម្ភដល់ការចេញទៅប្រកួតនៅក្រៅប្រទេសផងដែរ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ
