ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បំផុសគំនិតដល់គណៈគ្រប់គ្រង សិស្ស និស្សិតនៃប៊ែលធីគ្រុប ឱ្យសម្រេចចិត្តបានច្បាស់លាស់ត្រឹមត្រូវក្នុងដំណើររបស់ខ្លួន ពីព្រោះដំណើររបស់ប៊ែលធីគ្រុបក៏ជាដំណើររបស់ប្រទេសជាតិ
(ភ្នំពេញ) ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បំផុសគំនិតដល់គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ សិស្ស និស្សិតនៃប៊ែលធីគ្រុប ឱ្យសម្រេចចិត្តបានច្បាស់លាស់ត្រឹមត្រូវក្នុងដំណើររបស់ខ្លួនពីព្រោះដំណើររបស់ប៊ែលធីគ្រុបក៏ជាដំណើររបស់ប្រទេសជាតិផងដែរ ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកាសអញ្ជើញធ្វើបាឋកថាចែករំលែក “ចំណេះដឹង និងវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ” ជូនគណៈ គ្រប់គ្រង បុគ្គលិក សាស្រ្តចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យាល័យមាន ២ទីតាំងនៅក្នុងរាជធានីភ្នំពេញ បាននិងកំពុងបណ្តុះបណ្តាលលើកម្មវិធីសិក្សា៥កម្រិតធំៗ ១-ថ្នាក់បំប៉នភាសាអង់គ្លេស-ចិន និងកុំព្យូរទ័រ ២-ថ្នាក់បរិញ្ញាបត្ររង ៣-ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដោយសិក្សាតាមកម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ រួមជាមួយ អង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស១០០% និងមាន ១៣មហាវិទ្យាល័យ (៤៥ជំនាញ)។ ទន្ទឹមគ្នានេះ សាកលវិទ្យាល័យក៏បានបញ្ចូលកម្មវិធីចែករំលែកបទពិសោធន៍ទៅក្នុងកម្មវិធីសិក្សារបស់និស្សិត នៅរៀងរាល់ឆមាសនៅគ្រប់មហាវិទ្យាល័យ ដោយបានអញ្ជើញថ្នាក់ដឹកនាំ និងឥស្សរជនជាតិ-អន្តរជាតិមកពីគ្រប់ស្ថាប័នជាវាគ្មិន កិត្តិយសចែករំលែកបទពិសោធន៍ដល់និស្សិតឱ្យមានឱកាសបានសិក្សារៀនសូត្របន្ថែម ដើម្បីបង្កើនចំណេះដឹង ជំនាញ សមត្ថភាព ពង្រឹងវិន័យ និងវិជ្ជាជីវៈ ស្របតាមបាវចនារបស់ប៊ែលធីគឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។

ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បានគោរពកោតសរសើរនិងអបអរសាទរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ របស់ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានជោគជ័យ ដ៏ត្រចះត្រចង់គួរជាទីមោទនៈក្នុងការងារវាស់វែងដីធ្លីក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេស រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ វិវាទដីធ្លី ដើម្បីធានាការគ្រប់គ្រងនិងប្រើប្រាស់ដីដោយសមធម៌ និងសុខសាន្ត ។

ឯកឧត្តមបណ្ឌិត ក៏បានគោរពថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលផ្តល់កិត្តិយសអញ្ជើញជាវាគ្មិនចែករំលែកចំណេះដឹង និងបទពិសោធន៍ដឹកនាំ ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតប៊ែលធី ព្រមទាំងបានផ្តាំផ្ញើអង្គពិធីទាំងមូល ត្រូវយកចិត្តទុកដាក់ស្តាប់ និងកត់ត្រានូវបទពិសោធន៍ និងចំណេះដឹងល្អៗ សម្រាប់ទុកប្រើប្រាស់ជាទុន ដើម្បីអភិវឌ្ឍសមត្ថភាពតទៅអនាគត។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងប៊ែលធីគ្រុប ដែលបានចាប់អារម្មណ៍នូវអ្វីដែលក្រសួងកំពុងតែអនុវត្ត និងស្នើសុំឱ្យមានការចែករំលែកចំណេះដឹង បទពិសោធន៍ជូនដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងសិស្ស និស្សិតទាំងអស់នាពេលនេះ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានកត់សម្គាល់ថា ទាំងអស់គ្នាបានធ្វើការសម្រេចចិត្តមួយដ៏ត្រឹមត្រូវក្នុងខ្សែជីវិតរបស់ខ្លួន គឺការសម្រេចចិត្តមកសាលារៀន ការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាដែលជាចំណងចំណូលចិត្តរបស់ខ្លួន ប៉ុន្តែមិនប្រាកដថាការជ្រើសរើសនេះគឺត្រឹមត្រូវ១០០%នោះទេ នោះហើយគឺជាដំណើរនៃការស្វែងយល់និងការស្គាល់ខ្លួនឯង ហើយនេះគឺជាដំណើរការកសាងជីវិតរបស់ខ្លួនក្រោមការសម្រេចចិត្តដ៏ច្បាស់លាស់ ហើយនៅចំពោះមុខ កត្តាសំខាន់គឺសាកលវិទ្យាល័យប៊ែលធីត្រូវសម្របខ្លួនយ៉ាងដូចម្ដេចឱ្យស្របតាមបរិបទរបស់កម្ពុជា នាពេលបច្ចុប្បន្ន និងទៅអនាគត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការកសាងប្រទេសជាតិមួយប្រៀបបីដូចទៅនឹងការកសាងគ្រួសារមួយដូច្នោះដែរ ប្រសិនបើការកសាងគ្រួសារបានត្រឹមត្រូវប្រកបដោយសុភមង្គល កូនចៅទទួលបានការអប់រំរៀនសូត្រមានការងារធ្វើសមរម្យ នោះប្រទេសជាតិប្រាកដជាមានភាពសុខសាន្ត ហើយរាល់ជំហានដែលត្រូវបោះទៅមុខប្រាកដជាមានភាពត្រឹមត្រូវនិងអាចបន្តនិរន្តរភាពនៃសង្គមជាតិតទៅមុខទៀត ។ ផ្ដើមចេញពីការសម្រេចចិត្តត្រឹមត្រូវទាំងអស់គ្នា ដំណើររបស់លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យសិស្សនិស្សិតទាំងអស់នាពេលនេះ គឺជាដំណើររបស់ប្រទេសជាតិ ហើយដំណើររបស់ប៊ែលធីគ្រុបក៏ជាដំណើររបស់ប្រទេសជាតិដែរ ។
