ឥណ្ឌាប្រជ្រៀតជិះរថភ្លើងទៅពិធីសាសនា ស្លាប់១៥នាក់

បរទេស ៖ មនុស្ស១៥នាក់បានស្លាប់ នៅក្នុងឧបទ្ទវហេតុ រត់ជាន់គ្នា អំឡុងការប្រជ្រៀតឡើងជិះរថភ្លើង ទៅចូលរួមពិធីបុណ្យហិណ្ឌូដ៏ធំមួយ ដែលបាននិងកំពុងប្រព្រឹត្តទៅ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ។

មន្ត្រីពេទ្យម្នាក់ បានប្រាប់ AFP ថា មនុស្ស យ៉ាងហោចណាស់ ១៥នាក់បានស្លាប់ និង ១១នាក់ទៀត រងរបួស អំឡុងការរត់ជាន់គ្នា នៅឯស្ថានីយរថភ្លើង ក្នុងរដ្ឋធានី នៃប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ ខណៈដែលហ្វូងមនុស្ស បានប្រញាប់ប្រញាល់ ឡើងជិះរថភ្លើង ទៅកាន់តំបន់ Kumbh Mela ។ រដ្ឋមន្ត្រីផ្លូវដែក និយាយថា ខ្សែរថភ្លើងពិសេស ត្រូវបានបន្ថែម ដើម្បីឆ្លើយតបនឹងការប្រញាប់ប្រញាល់ របស់អ្នកកាន់សាសនា។

តំបន់ Kumbh Mela បានទាក់ទាញអ្នកស្មោះត្រង់ហិណ្ឌូ រាប់សិបលាននាក់ រៀងរាល់ ១២ ឆ្នាំ ម្តង ទៅកាន់ភាគខាងជើង នៃទីក្រុង Prayagraj ហើយជាតំបន់ មានប្រវត្តិ កើតមានគ្រោះមហន្តរាយ ដែលទាក់ទងនឹងហ្វូងមនុស្ស ស្រដៀងគ្នា។

ជាក់ស្តែង កាលពីខែមុន មនុស្ស យ៉ាងតិច៣០នាក់បានស្លាប់ នៅក្នុងការរត់ជាន់គ្នា នៅឯចំណុចប្រសព្វ ដែលគេចាត់ថា ដ៏បរិសុទ្ធ នៃទន្លេ Ganges, ទន្លេ Yamuna និង ទន្លេ Saraswati៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner