ដំរីក្វាតេម៉ាឡាប្រារព្ធខួបកំណើត ៦៤ឆ្នាំ
បរទេស ៖ សត្វដំរីអាស៊ី ឈ្មោះ Trompita នៅប្រទេស ក្វាតេម៉ាឡា បានប្រារព្ធខួបកំណើត អាយុ៦៤ឆ្នាំ ដោយមានទាំងនំខេកដ៏ធំ ទៀតផង។
Trompita ជាដំរីញី ដែលត្រូវបានជួយសង្គ្រោះ ពីកន្លែងសម្តែងសៀក មួយកន្លែង ក្នុងឆ្នាំ ២០០៨។ កាលពីថ្ងៃសៅរ៍ ដំរីមួយក្បាលនេះ បានប្រារព្ធខួបកំណើត គម្រប់៦៤ឆ្នាំរបស់ខ្លួន នៅសួនសត្វ La Aurora ជាមួយនឹងនំខេកដ៏ធំ ដែលដាក់លើផ្លែឈើ និងបន្លែ ដែលនាងចូលចិត្ត។
មន្ត្រីសុខុមាលភាពសត្វ នាង Misa Leiva បាននិយាយប្រាប់ថា ប្រភេទសត្វជិតផុតពូជ មួយក្បាលនេះ ចូលចិត្តឪឡឹក ស្មៅ ចេក និងដំឡូងផ្អែម ខណៈដែល គ្រឿងផ្សំនំអបអរ ខួបកំណើត ពិសេស គឺជាពោតលីងបំពង ដែលដំរីញី មួយក្បាលនេះ ចូលចិត្តខ្លាំង។ ការប្រារព្ធពិធីខួបកំណើតនេះ ក៏បានទាក់ទាញ វត្តមានអ្នកទស្សនា រាប់សិបនាក់ ផងដែរ។
វីដេអូមួយ របស់ដំរី Trompita បានផ្ទុះខ្លាំង លើបណ្តាញសង្គម កាលពីឆ្នាំ២០២២ ដោយពេលនោះ ដំរីមួយក្បាលនេះ ហាក់បានប្រាប់ទៅអ្នកមើលថែរបស់នាង ចំពោះសត្វស្វាមួយក្បាល ដែលបានធ្លាក់។
គួរបញ្ជាក់ថា សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ ហៅកាត់ IUCN បានចុះបញ្ជីសត្វដំរីអាស៊ី ជាប្រភេទសត្វជិតផុតពូជ។ សួនសត្វនេះ មានសត្វជាង ២,៥០០ ក្បាល ជាមួយនឹង ២៨៧ប្រភេទ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
