ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ ៖ ការពង្រឹងអធិការកិច្ច គឺពង្រឹងទំនុកចិត្តមកលើស្ថាប័នសាធារណៈ

(ភ្នំពេញ)៖ ពង្រឹងអធិការកិច្ចអោយបានល្អ គឺពង្រឹងទំនុកចិត្តមកលើស្ថាប័នសាធារណៈ និង ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព ការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ នៅតាមក្រសួង ស្ថាប័ន នាៗ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមយុទ្ធសាស្រ្តរាជដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្រសួងអធិការកិច្ច បានរួមចំណែកលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈអធិការកិច្ចដល់មន្រ្តីរាជការជាច្រើន តាមបណ្តា ក្រសួងស្ថាប័ននានា ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈ វិទ្យាស្ថានជាតិអធិការកិច្ច ។

ការលើកឡើងបែបនេះ របស់ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ ក្នុងឱកាសតំណាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៧ វគ្គទី១ នៅទីស្តីការក្រសួងអធិការកិច្ច ។

ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ច មិនត្រឹម តែផ្តល់ចំណេះដឹងដល់មន្រ្តីរាជការអធិការកិច្ច យកទៅបំពេញការងារប្រកបដោយសម្បទាវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងគណនេយ្យភាពការងារប៉ុណ្ណោះទេ ប៉ុន្តែជាការលើកកម្ពស់ក្រម សីលធម៌វិជ្ជាជីវៈអធិការកិច្ច ដែលជាកត្តារួមផ្សំដល់ការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការលើក កម្ពស់ភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អនៅកម្ពុជា។ ជាមួយគ្នានោះឯកឧត្តម សំណូមពរដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ការពន្យល់ និងចូលរួមគ្រប់សកម្មភាពដើម្បីអោយការបណ្តុះបណ្តាលនេះមានផ្លែផ្កា និងទទួលបានជោគជ័យ ។

នាយកវិទ្យាស្ថានអធិការកិច្ច ឯកឧត្តម សោម ប៉ូរ៉ាន់ បានឲ្យដឹងថា សម្រាប់វគ្គនេះ សិក្ខាកាមចូលរួមមានចំនួន ៤៨នាក់ ដែលអញ្ជើញមកពីក្រសួងស្ថាប័នចំនួន ១៥ និងសាលារាជធានី ខេត្តចំនួន ៧ ក្នុងនោះ មន្ត្រីរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិចំនួន ២នាក់ អគ្គនាយកដ្ឋានអធិការកិច្ចនៃក្រសួងអធិការកិច្ចចំនួន ២នាក់ ក្រសួងចំនួន ១៣ ស្មើនឹង ៣០នាក់។ វគ្គបណ្តុះបណ្តាលនេះ នឹងជួយតម្រង់ទិស ផ្តល់ចំណេះដឹងទាំងទ្រឹស្តី បទពិសោធ និងឧត្តមានុវត្តតាមរយៈ ប្រធានបទគន្លឹះចំនួន ៧ រួមមាន ទិដ្ឋភាពទូទៅនៃការងារអធិការកិច្ច, ប្រព័ន្ធនយោបាយ ប្រព័ន្ធគ្រប់គ្រងរដ្ឋ និងយុទ្ធសាស្រ្តបញ្ចកោណ, អធិការកិច្ចផ្អែកលើហានិភ័យ, ស្ថាប័ន អធិការកិច្ច និងមន្រ្តីអធិការកិច្ច, គណនេយ្យ-ហិរញ្ញវត្ថុ, ផែនការ កំណត់ហតុ និងរបាយការណ៍ និងវិធីសាស្រ្តអធិការកិច្ច។

សូមជម្រាបជូនថា វិទ្យាស្ថានជាតិអធិការកិច្ច ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ ប៉ុន្តែចាប់ដំណើរការនៅឆ្នាំ ២០១៩។ ក្នុងរយៈពេលជាង៥ឆ្នាំនេះ វិទ្យាស្ថានជាតិអធិការកិច្ច បានរួមចំណែកលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈ តាមរយៈការផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីរាជការរបស់ក្រសួងអធិការកិច្ច និងក្រសួងស្ថាប័ននានា ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិបានជាង ៩០០នាក់ ៕

ដោយ ៖ ហេង សម្បត្តិ + ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner