ក្រុមរថយន្តផ្លូវឆ្លងកាត់ឧបសគ្គ បង្កើតព្រឹត្តការណ៍ថ្មីនៅតំបន់ការពារធម្មជាតិរហាលកេះ -អាវៀន
បន្ទាយមានជ័យ៖ក្រុមរថយន្តទេសចរឆ្លងកាត់ឧបសគ្គ(OFF ROAD )ជាង១០០រថយន្ត និងមនុស្សជាង៣០០នាក់ បានមកបោះជំរំលើកទី៣នៅតំបន់ការពារធម្មជាតិរហាលកេះ – អាវៀន ស្ថិតនៅឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងព្រឹត្តិការណ៍ដើម្បីទាក់ទាញទេសចរកាលពីចុងសប្ដាហ៍នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកជំទាវ ជ័យ ណារី ព្រមទាំងមន្ត្រីអ្នកពាក់ព័ន្ធបានអញ្ជើញចូលរួមដោយផ្ទាល់។
លោក ជា តារា ប្រធានក្រុមរថយន្តឆ្លងកាត់ឧបសគ្គខេត្តបន្ទាយមានជ័យ និងលោក តាប់ ខែម ប្រធានក្រុមជិះកង់ខេត្តបន្ទាយមានជ័យឱ្យដឹងថា ការជួបជុំនៅតំបន់អេកូទេសចរណ៍ធម្មជាតិលើកនេះគឺជាការជួបជុំលើកទី៣ ខណៈលើកទី១ រៀបចំនៅឆ្នាំ២០២១ និងលើកទី២ នៅឆ្នាំ២០២៣ ។

តាមតម្រាយផ្លូវដើម្បីមកដល់វាលរហាលកេះ(ទីអភិរក្សមច្ឆ:ជាតិ) និងអាវៀន(ទីអភិរក្សសត្វស្លាបទឹក)រថយន្តត្រូវធ្វើដំណើរទី១.តាមផ្លូវជាតិលេខ៦។ ទៅដល់ត្រង់មុខសាលាឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ត្រូវបត់ចុះទៅត្បូងកាត់ភូមិរពាក់ ក្នុងចម្ងាយប្រមាណជាង៧គីឡូម៉ែត្រ,ទី២ .ធ្វើដំណើរតាមផ្លូវខេត្តលេខ១៥៦ដេ មង្គលបុរី- ព្រះនេត្រព្រះ ដល់ត្រង់ស្ពាន និងវត្តស្រមោច ភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ត្រូវចុះទៅសខាងទិសជើងក្នុងចម្ងាយជាង២គីឡូម៉ែត្រ ឬបើគិតពីក្រុងសិរីសោភ័ណ មានចម្ងាយជាង២០គីឡូម៉ែត្រ។

ដោយឡែកឆ្នាំ២០២៥នេះមានទាំងរថយន្ត និងអ្នកចូលរួមចម្រុះច្រើនជាងមុនទាំងអ្នកនៅក្នុងខេត្ត និងក្រៅខេត្តផង ។ជាមួយគ្នានេះការបោះជំរំក៏មានរៀបចំរថយន្តដឹកទឹក និងរថយន្តបង្គន់អនាម័យចល័ត បម្រើសេវាងូតទឹកនិងបន្ទោបង់ ។
អ្នកចូលរួមមានការជួបជុំទទួលទានអាហារ ភេសជ្ជៈ ផ្លែឈើ និងការរាំច្រៀងកម្សាន្តជាដើម។ចំណែកសន្តិសុខ សណ្តាប់ធ្នាប់ វិន័យ អនាម័យបានល្អប្រសើរ។

ទាំងលោក ជា តារា លោក តាប់ ខែម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរំពឹងថា តាមរយៈសកម្មភាព និងសារចែករំលែករូបភាពលើបណ្ដាញសង្គមនានាអំពីព្រឹត្តិការណ៍បោះជំរំនៅតំបន់ការពារធម្មជាតិរហាលកេះ អាវៀនលើកនេះ នឹងជួយជំរុញកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិកាន់តែច្រើនឡើងមកទស្សនារមណីយដ្ឋានធម្មជាតិមួយនេះ។
សូមជម្រាបថា ដើម្បីចូលទៅទស្សនាតំបន់ការពារធម្មជាតិរហាលកេះ -អាវៀន ភ្ញៀវអាចធ្វើដំណើរតាមតាមម៉ូតូ រថយន្តឬយានយន្តគ្រប់ប្រភេទតាមផ្លូវគោក ទៅទស្សនាសត្វស្លាបទឹក និងសត្វស្លាបគោក ពីចុងខែមករា ដើមខែកុម្ភៈតទៅ ។ពិសេសថ្ងៃ សៅរ៍-អាទិត្យ និងថ្ងៃឈប់សម្រាក ។ដោយធ្វើដំណើរលើផ្លូវខ្នងប្រឡាយ រួចកាត់វាលស្រែទៅកាន់ទីនោះ ។នៅវេលាម៉ោង៥:៣០នាទី ទៅម៉ោង៦ល្ងាចភ្ញៀវអាចគយគន់មើលថ្ងៃលិច មើលសត្វស្វាបរាប់ម៉ឺនក្បាលហើរវិលចូលទ្រនំ ឬមើលការនេសាទត្រីជាលក្ខណៈគ្រួសារ ឬជិះទូកកម្សាន្តលើផ្ទៃបឹងដ៏ធំល្វឹងល្វើយ ។
គប្បីជម្រាបជូនថា រហាលកេះ – អាវៀន (រហាលមានន័យថា បឹងនៅកណ្តាលវាល)ជាទីអភិរក្សអេកូទេសចរណ៍,មច្ឆជាតិនិងសត្វស្លាបដែលសហគមន៍រៀបចំឡើងដើម្បីកិច្ចការអភិរក្សសត្វស្លាបចម្រុះរាប់ម៉ឺនក្បាល និងមច្ឆជាតិ ។វាជាទីប្រសព្វនៃស្ទឹងសិរីសោភ័ណនិងស្ទឹងមង្គលបូរី។តំបន់នេះចែកជា២ ផ្នែក ។ទី១ -ជាតំបន់រហាលកេះ ជាទីអភិរក្សមច្ឆជាតិចម្រុះដូចជាត្រីរ៉ស ឆ្តោ ផ្ទក់ ឆ្ពិន អណ្តែង ក្រាញ់ ក្រាយ ព្រលូង សណ្តាយ ឆ្លាំង ស្លាត ឆ្លូញ ខ្ជឹង….។ទីនេះមានទំហំចំនួន៥ហិកតា ដែលហៅថា រហាលកេះ ។ទី២.ជាផ្ទៃទឹក និងមានព្រៃលិចទឹកដែលហ្វូងសត្វស្លាបចម្រុះកំពុងស្នាក់នៅ ទុំ ពងកូន និងរកចំណីមានទំហំចំនួន២៣ហិកតា ។ វាមានរាងក្រវេចក្រវៀន ដែលគេហៅថា អាវៀន ។ឈ្មោះរួមនៃទីអភិរក្សនេះគេហៅថា ទីអភិរក្សរហាលកេះ- អាវៀន ។ចំពោះសត្វស្លាបគ មានជិត១០ប្រភេទដែលជាសត្វស្លាបសំខាន់ៗដូចជា ក្រៀលខ្យង ក្អែកទឹក ស្មោញ ត្រយង ទាព្រៃ ទុងប្រផេះ ខ្វែកធំ ទោម ត្លុម មាន់ទឹក ជាដើម។ក្រៅពីនោះសត្វកុកមានច្រើនលើសលុប ៕
ដោយ៖ ឃិន គន្ធា
