នាយករដ្ឋមន្ត្រីកម្ពុជា ផ្ដាំទៅអ្នកនយោបាយទាំងខ្មែរ និងថៃ កុំយករឿងនយោបាយ ទៅពាក់ព័ន្ធនឹងរឿងព្រំដែន
(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ដាំទៅអ្នកនយោបាយទាំងអស់ ទាំងខ្មែរ និងថៃ សូមកុំយករឿងនយោបាយ ទៅលូកលាន់ លើកិច្ចការងារបច្ចេកទេសរបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តការងារទាំងអស់ គឺលើគោលការ បច្ចេកទេស ផែនទី និងច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងរឿងព្រំដែន ។ សម្ដេចបវរធិបតី ក៏បានប្រកាសដែរថា កម្ពុជា រក្សាជំហរដោះស្រាយ បញ្ហាព្រំដែនតាមសន្ដិវិធី ប៉ុន្ដែកម្ពុជា ក៏រក្សាសិទ្ធិ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន មិនខ្លាច នឹងប្រើកម្លាំង ប្រសិនបើមានអ្នកចូល មកឈ្លានពាន ។
សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កម្ពុជា ថ្លែងដូច្នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ។
សម្តេចបវរធិបតី បានថ្លែងផ្តាំដល់អ្នកនយោបាយខ្មែរ និងថៃ អ្នកជាតិនិយម កុំទាញយករឿងនយោបាយ មកបូកឡូកជាមួយបច្ចេកទេសព្រំដែន និងច្បាប់អន្តរជាតិ ពីព្រោះអ្នក មិនមែនជាអ្នកជំនាញព្រំដែនទេ ទុកឲ្យអ្នកជំនាញព្រំដែន គេធ្វើការ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា ថ្មីៗនេះ ចលនាជំរុញស្មារតីជាតិនិយម នៅក្រៅប្រទេស កំពុងរុញចលនាជាច្រើន ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា និងប្រទេសជិតខាង ដូចជា៖ ករណី CLV បញ្ហាកោះគត់ ហើយមកដល់ពេលនេះ យកបញ្ហាប្រាសាទតាមាន់ ។
សម្ដេចបវរធិបតី បានបញ្ជាក់ថា រឿងព្រំដែន អ្នកណាក៏គិតរឿងព្រំដែនដែរ ក្នុងនោះរាជរដ្ឋាភិបាល គឺជាអ្នកគិត និងទទួលខុសត្រូវធំបំផុតចំពោះមុខ ប្រជាពលរដ្ឋ ហើយការងារនេះ ផ្អែកទៅលើការ ដោះស្រាយស្របទៅតាមច្បាប់ និងមូលដ្ឋាន បច្ចេកទេសច្បាស់លាស់ ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ពេលមានបញ្ហារឿងព្រំដែនកន្លងទៅ មិនដែលឃើញមុខអ្នកជាតិនិយមទាំងនោះទេ មានតែមុខត្រកូល ហ៊ុន ទេ ដែលទៅដល់ព្រំដែនកន្លែងគ្រោះថ្នាក់ទាំងនោះ ៕


អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ