GVA បណ្ដុះស្មារតីយុវជនឱ្យចេះចែករំលែកជួយដល់អ្នកដែលមានជីវភាពខ្វះខាត និងក្លាយជាអ្នកដឹកនាំនៅអនាគតប្រកបដោយគុណធម៌
កំពង់ធំៈ សាលារៀន GVA បាននាំយកអំណោយជាសម្ភារសិក្សាទៅចែកជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា ជាន់លែង ដែលមានទីតាំងនៅ ភូមិថ្មី ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ចំនួន ៤៥៣ នាក់ ដើម្បីឆ្លើយតបទៅតាមតម្រូវការខ្វះខាតរបស់សិស្សនៅទីនោះ។
លោក ម៉ុន សុខជា នាយកសាលា សាលា GVA បានថ្លែងលើកឡើងថា កម្មវិធីសប្បុរសធម៌របស់សាលា GVA បានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបណ្ដុះស្មារតីយុវជនឱ្យចេះចែករំលែកជួយដល់អ្នកដែលមានជីវភាពខ្វះខាត និងក្លាយជាអ្នកដឹកនាំនៅអនាគតប្រកបដោយគុណធម៌។
ក្រៅពីផ្តល់សម្ភារសិក្សា សាលាGVAក៏បានរៀបចំអាហារថ្ងៃត្រង់ដល់សិស្សានុសិស្ស មាតាបិតាលោកគ្រូអ្នកគ្រូ ព្រមទាំងមានកាដឹកនាំលេងល្បែងកម្សាន្តប្រកបដោយក្តីសប្បាយរីករាយផងដែរ។
សម្ភារសិក្សា និងថវិកាទាំងអស់បានមកពីមូលនិធិសាលា និងមានការចូលរួមឧបត្ថម្ភពី សប្បុរសជន ដូចជា៖ លោកគ្រូ អ្នកគ្រូ បុគ្គលិក មាតា បិតាសិស្ស និងសិស្សានុសិស្សនៃសាលា GVA និងសប្បុរសជនមកពីប្រទេស Singapore។
ក្នុងនាមគណៈគ្រប់គ្រងសាលា លោកក ម៉ុន សុខជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគក្នុងកម្មវិធីសប្បុរសធម៌ឆ្នាំ2025 និងកោតសរសើរដល់ក្រុមការងារ មានលោកគ្រូអ្នកគ្រូ និងសិស្សវិទ្យាល័យដែលបានដឹកនាំកម្មវិធីនេះប្រកបដោយជោគជ័យ៕












ដោយ ជាវ ចន្ធូ