ទូតអ៊ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួប លោកជំទាវឯកអគ្គរដ្ឋទូតបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងអ៉ីស្រាអែល និងកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៊ីស្រាអែល-កម្ពុជា។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានប្ដេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវក្តីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អ៉ីស្រាអែល។ សម្ដេចធិបតីមានជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ, ការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិប្តតិការកម្ពុជា-អ៊ីស្រាអែលនឹងបន្តមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ជាអាទិ៍៖ ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម, អប់រំ, សុខាភិបាល, ទេសចរណ៍, ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, និងបច្ចេកវិទ្យា ជាដើម។ សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ជំទាវឯកអគ្គរដ្ឋទូត បន្តធ្វើការឱ្យបានជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-អ៉ីស្រាអែល ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត



