ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តឱ្យគិតគូរលើអនាគតតំបន់ បេតិកភណ្ឌពិភពលោកអង្គរ ផ្តោតលើការងារអភិរក្ស ការគ្រប់គ្រងប្រជាសាស្ត្រ និង ជីវភាពរស់នៅរបស់អ្នកស្រុកអង្គរប្រកបដោយចីរភាព
(សៀមរាប)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ក្នុងស្មារតីឯកភាពជាតិ យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរឱ្យបានហ្មត់ចត់ ប្រកបដោយការទទួលខុសត្រូវលើអនាគតតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលជាព្រលឹងជាតិខ្មែរ នោះគឺមិនត្រឹមតែយកចិត្តទុកដាក់លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានដិតដល់លើការគ្រប់គ្រងប្រជាសាស្ត្រ និងជីវភាពរស់នៅរបស់អ្នកស្រុកអង្គរ ប្រកបដោយចីរភាព ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំពិភាក្សាលើការងាររៀបចំ និងគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដោយមានការចូលរួមពីលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធជាច្រើន នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ដើម្បីឆ្លើយតបទៅនឹងទស្សនទាននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំ“សៀវភៅ ស អង្គរ ”ដើម្បីពង្រឹងមូលដ្ឋានឯកភាពជាតិក្នុងការគិតគូរ តម្រង់ទិសកិច្ចខិតខំប្រឹងប្រែងរួម និងពង្រឹងសាមគ្គីជាធ្លុងមូយ ដើម្បីរួមគ្នាអភិរក្សរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដើម្បីឧត្តមប្រយោជន៍ជាតិខ្មែរ ។
ជាមួយគ្នានេះ ក្រសួងកំពុងរៀបចំបទប្បញ្ញតិ្តប្រើប្រាស់ដី ដែលនឹងកំណត់ប្រភេទ និងលក្ខខណ្ឌនៃការប្រើប្រាស់ដី ក្នុងភូមិទាំង ១១៤ ព្រមទាំងគិតគូរលើការងាររៀបចំកែលម្អទីតាំងអាទិភាពក្នុងតំបន់រមណីយដ្ឋានអង្គរ និងទីតាំងលក់ដូរសម្រាប់ប្រជាពលរដ្ឋ ។ កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះសំណូមពររបស់តំណាងពលរដ្ឋ និងអជ្ញាធរក្នុង ១១៤ភូមិ និងយកសំណូមពរនេះជាមូលដ្ឋានក្នុងការរៀបចំបទប្បញ្ញត្តិប្រើប្រាស់ដីនាពេលអនាគត ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំក៏មានការផ្សព្វផ្សាយអំពី សៀវភៅ ស អង្គរ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសៀវភៅ ស អង្គរ នេះឡើង ក្នុងគោលបំណងពង្រឹងមូលដ្ឋានឯកភាពជាតិ ក្នុងការគិតគូរតម្រង់ទិសកិច្ចខិតខំប្រឹងប្រែងរួម និងពង្រឹងកម្លាំងសាមគ្គីជាធ្លុងមួយ ដើម្បីរួមគ្នាអភិរក្សរមណីយដ្ឋានបេតិកភណ្ឌ ពិភពលោកអង្គរ ឱ្យបានគង់វង្សដល់កូនចៅជំនាន់ក្រោយៗទៀត ។
សៀវភៅ ស អង្គរ បានចូលរួមចំណែកបញ្ច្រាបការយល់ដឹងជាសាធារណៈ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត អំពីអរិយធម៌អង្គរ អំពីកាតព្វកិច្ចរបស់ កម្ពុជា ក្រោមច្បាប់អន្តរជាតិ ក៏ដូចជា អំពីកាតព្វកិច្ចរបស់ប្រជាជនគ្រប់រូប ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សា ការពារ និងអភិរក្ស មរតកដ៏ថ្លៃថ្លារបស់ដូនតាខ្មែរយើង ។ “សៀវភៅ ស អង្គរ” ស្នើឡើងនូវគោលគំនិតមួយចំនួន ដែលក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ សុទ្ធតែអាចចូលរួមចំណែករៀងៗខ្លួន ក្នុងការរៀបចំគ្រប់គ្រង និងលើកតម្លៃរមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរ ធានាបាននូវការអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍប្រកបដោយចីរភាព បង្កើតសុខដុមនីយកម្ម ក្នុងសហគមន៍មូលដ្ឋាន រក្សាបាននូវភូមិឋានក្សេមក្សាន្តតាមបែបប្រពៃណី ឱ្យមាននិរន្តរភាព វិបុលភាព និងកិត្យានុភាពសម្រាប់ជាតិមាតុភូមិយើងទាំងមូល ៕






ដោយ / គ្រី សម្បត្តិ