លោកជំទាវ ពុំ ចន្ទីនី ៖ បន្តយកចិត្តទុកដាក់​បញ្ជ្រាប​សកម្ម​ភាព​ផ្សព្វផ្សាយពីមីន និងសំណល់ជាតិផ្ទុះ​ពី​សង្រ្គាម

(បាត់ដំបង)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទ​ក្រហម​កម្ពុជា បានអំពាវនាវសមាជិក សមាជិកាគណៈ​កម្មា​ធិការសាខាកាកបាទក្រហមកម្ពុជា ទាំង២៥ រាជធានី-ខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត ឱ្យបន្តយកចិត្ត​ទុកដាក់ ដោយបញ្ជ្រាបសកម្មភាពផ្សព្វផ្សាយពីមីន និងសំ​ណល់​ជាតិផ្ទុះពីសង្រ្គាម នៅក្នុងគ្រប់សកម្មភាពរបស់សាខា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីកាត់ការរងគ្រោះ និងគ្រោះថ្នាក់ដោយសារមីន ។

ការលើកឡើងរបស់លោកជំទាវ ពុំ ចន្ទីនី ក្នុងឱកាសយុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយលើកកម្ពស់យល់ដឹងពីមីន និងសំណល់​ជាតិផ្ទុះ​ពីសង្រ្គាមក្រោមមូលបទ “រួមគ្នាលុបបំបាត់គ្រោះថ្នាក់​ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសហគមន៍មាន​សុវត្ថិភាព” នៅខេត្តបាត់ដំបង នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ជាមួយនេះ លោកជំទាវ ក៏បានកោតសរសើរចំពោះការខិតខំ​ប្រឹង​ប្រែង​របស់គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា-អនុសាខា ដែលបានខិតខំប្រឹងប្រែងលើក​កម្ពស់ភាព​មនុស្ស​ធម៌ កាន់តែទូលំទូលាយ សកម្ម ភាពនៅមូលដ្ឋាន និងបាន​ជួយបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។ ក្រោយ​​សង្គ្រាម​ស៊ីវិលជាប្រវត្តិសាស្ត្របានបញ្ចប់ កាកបាទក្រហម​កម្ពុជា បានចូលរួមជួយធ្វើសកម្មភាពអប់រំផ្សព្វផ្សាយ​លើក​កម្ពស់យល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម​តាំងពី​ឆ្នាំ១៩៩៣មក ។ បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា អបរំផ្សព្វផ្សាយការយល់ដឹងអំពីការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជូនប្រជាពលរដ្ឋប្រមាណ ២,២១១,៣៧០នាក់ ។

តាមរបាយការណ៍របស់អាជ្ញាធរមីនកម្ពុជា បានបង្ហាញថា ចំនួនជនរងគ្រោះ បានថយចុះពី ៤,៣២០នាក់ ក្នុងឆ្នាំ​១៩៩៦ មកត្រឹម ៤៩នាក់ ក្នុងឆ្នាំ២០២៤ កន្លងទៅ ។
ក្រៅពីការអប់រំផ្សព្វផ្សាយអំពីមីន និងសំណល់ជាតិផ្ទុះពី​សង្គ្រាម កាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខ​ដល់អ្នករងគ្រោះ របួស ពិការ និងគ្រួសារសពស្លាប់ដោយ​សារមីន ព្រមទាំងផ្តល់ជំនួយសង្រ្គោះបន្ទាន់ ដល់គ្រួសាររង​គ្រោះ នៅតាមបណ្តាសហគមន៍ ឬនៅតាមមន្ទីរពេទ្យ​ដោយ​ផ្ទាល់ និងបានទទួលនូវសេវាថែទាំសុខភាព ផ្លូវកាយ និងផ្លូវ​ចិត្ត ព្រមទាំងសម្របសម្រួលដើម្បីទទួលបានសេវា​ស្តារ​លទ្ធភាព​ពលកម្មកាយសម្បទា។

ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា បានផ្ដល់ប្រាក់កម្ចី​គ្មានការ​ប្រាក់ជូនប្រជាពលរដ្ឋនៅតំបន់ជនបទ ដែលប្រឈម​នឹង​គ្រោះថ្នាក់ដោយសារមីន/យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុង​ខេត្តគោលដៅចំនួន៧មានដូចជា ៖ ខេត្តកណ្ដាល ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះ​វិ​ហារ សរុប ៩,០៤០គ្រួសារ ក្នុងនោះ គ្រួសារអតីតយុទ្ធជន​ពិការ ៣,២១១គ្រួសារ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រកបរបរកសិកម្ម ឬធ្វើអាជីវកម្មខ្នាតតូចផ្សេងៗ រកប្រាក់​ចំណូល កែលម្អជីវភាពរស់នៅ បង្កើនភាពធន់សហគមន៍ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

គួររំលឹកផងដែរថា ៖ ក្នុងឆ្នាំ២០២៤ សម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត សម្រេច​ផ្តល់​ថវិកាប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនគ្រួសារ​រង​​​គ្រោះ​ដោយសារគ្រាប់មីន គ្រួសារយោធិនពិការ គ្រួសារ​អតីតយុទ្ធជន និងគ្រួសារយុទ្ធជន ៣៥៥គ្រួសារ ក្នុងនោះបាន​ផ្តល់ចំនួន ១០០គ្រួសារ ជូនប្រជាពលរដ្ឋនៅភូមិប៊ុនរ៉ានីសែន​ជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកក្រវាញ ខេត្តពោធិ៍សាត់។ ព្រមជាមួយនោះ ដើម្បីឧបត្ថម្ភ គាំទ្រគម្រោង សម្តេចអគ្គមហា​សេនាធិបតីតេជោ សម្រាប់កម្មវិធីសកម្មភាពមីន ក្នុងឆ្នាំ​២០២៣​កាកបាទក្រហមកម្ពុជា បានផ្ដល់ថវិកា ២លានដុល្លារ​អាម៉េរិក ជូនអាជ្ញាធរមីនកម្ពុជា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner