ចិនគាំទ្រលោក Trump លើដំណើរស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

ប៉េកាំង ៖ ប្រទេសចិននៅក្នុងកិច្ចប្រជុំ G20 នៅអាហ្វ្រិកខាងត្បូង នាថ្ងៃព្រហស្បតិ៍នេះ បានចេញមុខគាំទ្រកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី ក្នុងគោលបំណងបញ្ចប់សង្គ្រាមអ៊ុយក្រែន។

ប្រមុខការទូតចិន លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសក្រុមប្រទេស G20 ដែលប្រមូលផ្តុំគ្នានៅរដ្ឋធានីអាហ្វ្រិកខាងត្បូងថា ប្រទេសចិនគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដែលអំណោយផលដល់សន្តិភាពនៅអ៊ុយក្រែន រួមទាំងការឯកភាពគ្នានាពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។ ប្រទេសចិនក៏មានឆន្ទៈបន្តដើរតួនាទីស្ថាបនា នៅក្នុងការដោះស្រាយវិបត្តិនយោបាយផងដែរ។

តិចជាងមួយខែនៅក្នុងអាណត្តិប្រធានាធិបតីរបស់ខ្លួន លោក ត្រាំ បានកែប្រែគោលនយោបាយរបស់សហរដ្ឋអាមេរិក ស្តីពីសង្រ្គាម ដោយលុបចោលយុទ្ធនាការដាក់រុស្ស៊ីឱ្យនៅឯកោ ជាមួយនឹងការហៅទូរស័ព្ទទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងកិច្ចពិភាក្សារវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងរុស្ស៊ី ដែលមិនរួមបញ្ចូលអ៊ុយក្រែន និងអឺរ៉ុប។

លើសពីនេះ រដ្ឋបាលលោក ត្រាំ បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនបានយល់ព្រមធ្វើកិច្ចចរចាបន្ថែមទៀតជាមួយរុស្ស៊ី លើការបញ្ចប់សង្គ្រាមអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៤ម៉ោងកន្លះនៅអារ៉ាប៊ីសាអ៊ូឌីត។ រុស្ស៊ីក៏បានអះអាងផងដែរថា កិច្ចចរចាមានប្រយោជន៍ ប៉ុន្តែបានពង្រឹងការទាមទាររបស់ខ្លួន ដោយបានគូសបញ្ជាក់ថា ខ្លួននឹងមិនអត់ឱនឱ្យសម្ព័ន្ធមិត្តណាតូ ដែលផ្តល់សមាជិកភាពដល់អ៊ុយក្រែនឡើយ៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner