ប្រជាពលរដ្ឋជាងពីរពាន់គ្រួសារនៅឃុំកំពង់ល្ពៅ នឹងទទួលបានផល​ប្រយោជន៍​ពីផ្លូវកៅស៊ូ និងផ្លូវបេតុងកំពុងសាងសង់

បាត់ដំបង៖ដោយមិនចំណាយពេលយូរពេកទេ ប្រជាពលរដ្ឋនៅភូមិ​ចំការស្រូវ និងភូមិរទៀង នៃឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង នឹងឃើញនូវវត្តមានផ្លូវកា្រលកៅស៊ូប្រភេទឌីប៊ីអេសធី(DBST)ដែលធំទូលាយជាងមុននិងផ្លូវបេតុងសរុបប្រវែង ជិត៥គីឡូម៉ែត្រ។តាមការរំពឹងទុក ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាង២ពាន់គ្រួសារនឹងទទួលបានផលប្រយោជន៍ពីសមិទ្ធផលនេះ។ នេះពុំទាន់គិតដល់ប្រជាពលរដ្ឋឆ្លងកាត់ផង។

កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាង ឯកឧត្តម ឆាយ ឫទ្ឌិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញចូលរួមបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ប្រវែង៤ ២០០ម៉ែត្រ (ទទឹង៦ម៉ែត្រ)និង​ផ្លូវបេតុងប្រវែង៣០០ម៉ែត្រ(ទទឹង៦ម៉ែត្រ)កម្រាស់ ០,១២ម៉ែត្រ និងចិញ្ចើមផ្លូវល្បាយក្រួសទាំងសងខាង ម្ខាងៗប្រវែង១ម៉ែត្រ ស្ថិតនៅភូមិចំការស្រូវ​និងភូមិរទៀង នៃឃុំកំពង់ល្ពៅ ស្រុកសំឡូត។ផ្លូវនេះ អនុវត្តសាងសង់ដោយ​កងកម្លាំងវិស្វកម្មនៃក្រសួងការពារជាតិ។

មានប្រសាសន៍ក្នុងឱកាសនេះឧត្តមបណ្ឌិត នួន ដាញ៉ិល បានគូសរំលេច​អំពីសារសំខាន់នៃការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ក្រោម​ទិសស្លោករបស់ប្រមុខដឹកនាំ ” មានផ្លូវ មានក្តីសង្ឃឹម ។ផ្លូវ គឺជាសរសៃ​ឈាមសេដ្ឋកិច្ចជាតិ ដ៏សំខាន់ ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍ​ប្រទេស​ជាតិ”។

ផ្លូវដែលបើកការដ្ឋាននាពេលនេះជាប្រភេទផ្លូវល្បាយក្រួសនិងមានទទឹងត្រឹម៦ម៉ែត្រប៉ុណ្ណោះ។ក្រោយការកែលំអដែលចាប់ផ្តើម ដោយកម្លាំងវិស្វកម្ម​នៃក្រសួងការពារជាតិ ហេដ្ឋារចនាសម័្ពន្ធផ្លូវនឹងធ្វើឱ្យក្លាយជាផ្លូវកៅស៊ូ ដែល​មានទទឹងធំទូលាយជាងមុន សមស្របនឹងការរីកចម្រើន​នៅ​មូលដ្ឋាន។

ដោយមានវត្តមានលោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត​បាត់ដំបងជាម្ចាស់ផ្ទះផង ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បានបង្ហាញនូវក្តីរំពឹងថាក្រោយពីកែលម្អលើកកម្ពស់កម្រិតគុណ​ភាព​ផ្លូវជនបទមួយខ្សែនេះបញ្ចប់នឹង ផ្តល់នូវអត្ថពហុប្រយោជន៍ដល់ប្រជា​ពលរដ្ឋ​ចំនួន២ភូមិ ក្នុងឃុំកំពង់ល្ពៅ ដែលមានប្រជាពលរដ្ឋសរុប ២ ៣៣៩គ្រួសារ ស្មើ ៨ ៩១៦នាក់ ហើយក៏ជាផ្លូវផ្លាស់ប្តូរសេដ្ឋកិច្ច តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ទីរួមខេត្តបាត់ដំបងនិង​ទៅ​ព្រំដែន កម្ពុជា-ថៃ ផងដែរ។ការចរាចរកាន់តែឆាប់រហ័ស និងប្រកបដោយ​ប្រសិទ្ធផល៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner