ប្រកួតបាល់ទាត់មិត្តភាព ពានរង្វាន់សតវត្សរ៍នៃព្រះធម៌ជាការបង្ហាញអំពីការកសាងវប្បធម៌សន្តិភាព កម្ពុជា-ថៃ
(ភ្នំពេញ)៖ កម្ពុជា និងថៃ នឹងបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់នៅ ថ្ងៃទី៨ ខែ មីនា ឆ្នាំ២០២៥ នៅលើទឹកដីនៃប្រទេសកម្ពុជា។
ព្រឹត្តិការណ៍បាល់ទាត់នេះ ត្រូវបានប្រសិទ្ធនាមថា ពានរង្វាន់សតវត្សរ៍នៃព្រះធម៌ ដោយមានសមាសភាព នៃភាគីប្រទេសទាំងពីរចូលរួមចំនួន៤ក្រុម ក្នុងនោះប្រទេសកម្ពុជាមាន២ក្រុម គឺក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមបាល់ទាត់គុនខ្មែរ ខណៈដែលថៃ គឺមានក្រុមបាល់ទាត់តារាថៃ និងក្រុមបាល់ទាត់មួយថៃ។
នេះបើយោងតាមការប្រកាសក្នុងសន្និសិទ សារព័ត៌មាន នារសៀលថ្ងៃទី២៤ ខែ កុម្ភៈ នៅសណ្ឋាគារ ហ្វីតែលភ្នំពេញភូគីត្រា ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដែលភាគីនៃប្រទេសទាំងពីរសហការគ្នារៀបចំឡើងនៅក្នុងទឹកដីប្រទេសកម្ពុជា នាថ្ងៃទី៨ មីនា ឆ្នាំ២០២៥ខាងមុខនេះ គឺជាការចូលរួមអបអរសាទរគម្រប់ខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងថៃ និងទិសដៅបង្កើតទំនាក់ទំនងមិត្តភាពសាមគ្គីភាពរវាងកម្ពុជានិងថៃឱ្យកាន់តែល្អជាមួយគ្នាបន្ថែមទៀតក្នុងនាមជាប្រទេសជាប់របងជាមួយគ្នា។
ឯកឧត្តម ប្រធានសហព័ន្ធ បានរំលេចទៀតថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពមួយនេះ ក៏ជាឱកាសដែលបង្កើតឱ្យភាគីប្រទេសទាំងពីរបានស្វែងយល់អំពីវប្បធម៌ការរស់នៅដោយសុខសន្តិភាព ។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមទៀតថា ការផ្សារភ្ជាប់ទំនាក់ទំនងល្អនិងគ្នា គឺប្រៀបដូចជាកើតក្នុងផ្ទៃម្តាយតែមួយ មានន័យថា នៅពេលយើងចេះយោគយល់អាធ្យាស្រាយគ្នាវប្បធម៌សន្តិភាពនិងធ្វើឱ្យប្រទេសយើងទាំងពីររស់ក្នុងសុខសុភមង្គល។
ឯកឧត្តម ប្រធាន សហព័ន្ធប្រដាល់គុនខ្មែរ បានរំលេចទៀតថា តាមរយៈព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះ សង្ឈឹមជឿជាក់ថា និងបង្ហាញយុវជនដែលជាអ្នកគាំទ្រនៃភាគីទាំងសាងខាង មើលឃើញពីការកសាងទំនាក់ល្អៗ បង្កើតបានជាការស្រលាញ់រាប់អានគ្នា បើទោះបីជាពេលមុនយើងមានការប៉ះទង្គិចគ្នាបន្តិចបន្តួចក៏ដោយ ក៏យើងអាចត្រឡប់មករាប់អានគ្នាវិញ ប្រកបដោយស្មាមញញឹម មិត្តភាព និងសាមគ្គីភាព ក្នុងនាមជាអ្នកភូមិផងរបងជាមួយ ប្រៀបដូចជាអ្នករស់នៅផ្ទះជិតគ្នា។
លោកបណ្ឌិត ស៊ុផាឆៃ វីរៈភូជុង អ្នកសម្របសម្រួលតំណាងភាគីថៃ បានអះអាងថា នេះជាការប្រកួតមួយដែលបង្ហាញអំពីគោលបំណងផ្សារភ្ជាប់នូវវប្បធម៌សន្តិភាព ដែលជាការបន្ថែមចំពោះការរិតចំណាងសាមគ្គីភាព និងមិត្តភាព រវាងប្រទេសកម្ពុជា និងថៃ។ លោកថា សម្រាប់ភាគគីថៃ ដែលមានចំនួន២ក្រុមនេះ មានសមាសភាពប្រមាណ៥០នាក់ ដែលក្នុងនោះមានក្រុមអ្នកប្រដាល់មួយថៃ និងមួយទៀតជាក្រុមតារ៉ារបស់ថៃ។
លោក ឧកញ៉ា សំអាង វឌ្ឍនៈ គ្គនាយក ក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ឯ.ក បានមានប្រសាសន៍ថា ក្នុងនាមក្រុមហ៊ុនចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះ សូមគាំទ្រយ៉ាងពេញទំហឹង ព្រោះនេះជាសារៈសំខាន់ នៃការផ្សារភ្ជាប់ទំនាក់ទំនង ពង្រឹងកិច្ចសហការ សាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរកម្ពុជាថៃឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ការប្រកួតបាល់ទាត់មិត្តភាព ពានរង្វាន់សតវត្សរ៍នៃព្រះធម៌និងប្រព្រឹត្តទៅនៅថ្ងៃទី៨ មីនា ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា គឺគូទី១ ក្រុមតារាកម្ពុជាប៉ះក្រុមតារាថៃ និងគូទី២ ក្រុមគុនខ្មែរប៉ះក្រុមមួយថៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ







