ផ្តល់ផ្លូវល្បាយក្រួសមួយខ្សែប្រវែងជាងប្រាំគីឡូម៉ែត្រជូនប្រជាពលរដ្ឋ ស្រុកកំពង់ត្រាច

កំពត៖ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ចាន់ ដារ៉ុង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥​បានអញ្ជើញចូលរួម​បើកការដ្ឋាន​សាងសង់ផ្លូវក្រាល​ដីល្បាយក្រួសចំនួនមួយ​ខ្សែប្រវែង ៥ ៥០០ម៉ែត្រ ស្ថិតនៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត។

នៅក្នុងឱកាសនោះឯកឧត្តមរដ្ឋលេខាធិការបានសំណូមពរដល់ប្រជាពលរដ្ឋដែលមានលំនៅឋានតាមបណ្តាយផ្លូវសូម​ចូល​រួមសហការជាមួយក្រុម​ការងារ​សាងសង់ផ្លូវមកពីនាយកដ្ឋានស្ថាបនានិងវិស្វកម្មរបស់ក្រសួងមហាផ្ទៃឱ្យបានល្អ  និងមានការយោគយល់ចំពោះផលប៉ះពាល់ផ្សេងៗអំឡុងពេល​ស្ថាបនា។ ឯកឧត្តមក៏បានស្នើដល់ក្រុមវិស្វកម្ម ធ្វើយ៉ាងណាត្រូវ​ពន្លឿនការសាង​សង់​ឱ្យបានរួចរាល់មុនរដូវភ្លៀងធ្លាក់ ប៉ុន្តែត្រូវគោរពតាមបទដ្ឋានបច្ចេក​ទេស​ដែលក្រសួងបានកំណត់ជូន។

សូមបញ្ជាក់ថា ផ្លូវក្រាលដីល្បាយក្រួសមួយខ្សែនេះមានទទឹង ៨ម៉ែត្រ ,កម្រាស់ ០,២ម៉ែត្រ ។សាងសង់លូមូលមុខមួយ ចំនួនបីកន្លែង,  លូមូលមុខពីរចំនួន​មួយ​កន្លែង ,លូប្រអប់មុខមួយចំនួនមួយកន្លែង និងលូប្រអប់មុខពីរចំនួន​មួយ​កន្លែង ស្ថិតនៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង,  នៅភូមិព្រៃកែស ឃុំដំណាក់​កន្ទួតខាងជើង ស្រុកកំពង់ត្រាច ។ ការសាងសង់ផ្លូវគ្រោងនឹងបញ្ចប់នៅខែ​មិថុនាខាងមុខ៕
ដោយ៖ សិលា សារិន

ads banner