រដ្ឋមន្រ្តីការងារ ៖ទំនាក់ទំនងកម្ពុជា-ឥណ្ឌា កាន់តែត្រូវបានពង្រឹងនិងពង្រីកលើការអភិវឌ្ឍធនធានមនុស្ស និងវិស័យ TVET របស់កម្ពុជា
(ភ្នំពេញ)៖ ក្រសួងការងារកម្ពុជា ស្វាគមន៍ក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសរបស់ឥណ្ឌា ជាមួយគ្រឹះស្ថាន TVET របស់កម្ពុជា ដែលនឹងជួយអភិវឌ្ឍធនធានមនុស្ស និងកម្លាំងពលកម្មជំនាញដែលទទួលស្គាល់រវាងប្រទេសទាំងពីរ។ ហើយរំពឹងថា ទំនាក់ទំនងទ្វេភាគី កម្ពុជា និង ឥណ្ឌា នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកលើវិស័យជាច្រើន ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស និងវិស័យ TVET របស់កម្ពុជា។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា តែងតាំងថ្មីប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកាលពីរសៀលទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។
ឯកអគ្គរដ្ឋទូត ឥណ្ឌា បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហេង សួរ ក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យ TVET រវាងប្រទេសឥណ្ឌាជាមួយកម្ពុជា ។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា កម្ពុជាមានសក្តានុពលលើវិស័យជាច្រើន ដែលនឹងអាចជំរុញដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងឥណ្ឌា និងកម្ពុជាកាន់តែស៊ីជម្រៅថែមទៀត ៕





ដោយ ៖ ង៉ាន់ ទិត្យ