អនុប្រធានក្រុមហ៊ុន Total Energies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ វាយតម្លៃជាវិជ្ជមានចំពោះស្ថានភាពវិនិ​យោគ​​នៅកម្ពុជា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ កម្ពុជា បានអនុញ្ញាតឱ្យ លោក Mehmet CELEPOGLU អនុប្រធានក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ក្នុងឱកាសនៃជំនួប, លោក Mehmet CELEPOGLU បាន​ថ្លែង​អំណរគុណសម្ដេចបវរធិបតីដែលបានចំណាយ​ពេល​ដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការីបានចូល​ជួប​សម្ដែង​ការគួរសម ព្រមទាំងបានគោរពជម្រាបជូន​សម្ដេច​បវរធិបតី អំពីប្រតិបតិ្តការអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies អន្តរជាតិ និងដំណើរការអាជីវកម្ម និងចក្ខុ​វិស័យនាពេលអនាគតប្រកបដោយភាពវិជ្ជមានរបស់ក្រុមហ៊ុន TotalEnergies នៅកម្ពុជា។

បន្ថែមលើនោះ, លោក Mehmet CELEPOGLU ក៏បានវាយ​តម្លៃ​ជាវិជ្ជមានចំពោះស្ថានភាពវិនិយោគនៅកម្ពុជា និងបង្ហាញ​ពីចំណាប់អារម្មណ៍អំពីការដាក់ចេញនូវគោលនយោបាយ និង​គំនិតផ្ដួចផ្ដើមដ៏ល្អជាច្រើនរាជរដ្ឋាភិបាល ដែលដឹកនាំដោយ​សម្ដេចបវរធិបតី ពិសេសលើការកែទម្រង់ពន្ធដា ដែលជា​កម្ម​វិធីកែទម្រង់គាំទ្រដល់ការប្រកួតប្រជែងប្រកបដោយតម្លាភាព និងស្មើភាព។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍លោក Mehmet CELEPOGLU ដែលបានមកបំពេញទស្សនកិច្ច​ការងារនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួម​ចំណែករបស់ក្រុមហ៊ុន TotalEnergies ក្នុងការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

សម្ដេចបវរធិបតី បានគូសបញ្ជាក់ពីការដាក់ចេញនូវគោល​នយោ​បាយទាក់ទាញការវិនិយោគ និងការលើកទឹកចិត្ត​ផ្សេងៗ​ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។

សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា កត្តាទាំងនេះគឺជាកិច្ចការ​ចាំបាច់របស់រាជរដ្ឋាភិបាល ដែលចាំបាច់ត្រូវតែធានានូវបរិយា​កាសវិនិយោគមួយដែលអំណោយផលសម្រាប់វិនិយោគិន ការធានានូវភាពជោគជ័យ និងការលើកទឹកចិត្តដល់វិនិយោ​គិន​ដែលកំពុងវិនិយោគនៅកម្ពុជា ក៏ដូចជាធានា និងពង្រឹង​ភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។

សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុន TotalEnergies បន្តផ្សារភ្ជាប់ទំនាក់ទំនង និងធ្វើការជាមួយ​ក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បី ភាព​ជោគ​ជ័យ​បន្ថែមទៀតរបស់ក្រុមហ៊ុន និងការដោះស្រាយបញ្ហា​ប្រឈមនានារបស់ក្រុមហ៊ុន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner