ក្រសួងមុខងារសាធារណៈ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ» ជូនដល់មន្រ្តីរាជការក្រោមឱវាទថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ» ក្រោមអធិបតីភាព ឯកឧត្តម រស់ សូផាន់ រដ្ឋមន្រ្តីស្តីទីនៃក្រសួងមុខងារសាធារណៈ។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅថ្ងៃថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ទទួលបានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និ ងមន្រ្តីរាជការតាមអង្គភាពជំនាញនីមួយៗ នៃក្រសួងមុខងារសាធារណៈ រួមទាំងមន្រ្តីរាជការតាមមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ជាច្រើនរូប។
ឯកឧត្តម រស់ សូផាន់ រដ្ឋមន្រ្តីស្តីទីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា តាមរយៈសិក្ខាសាលាដ៏មានសារៈសំខាន់មួយនេះ សិក្ខាកាមទាំងអស់នឹងទទួលបាននូវពុទ្ធិថ្មីៗ និងបទពិសោធន៍ល្អៗ ដែលឆ្លើយតបនឹងសេចក្ដីត្រូវការក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់អង្គភាពរៀងៗខ្លួន ស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យាព័ត៌មាន ដែលបាននាំមកឱ្យសង្គមនូវភាពចម្រុះនិងសម្បូរបែបនៃបណ្ដាញទំនាក់ទំនង ជាពិសេសការរីកស្គុះស្គាយនូវបណ្ដាសារព័ត៌មានអនឡាញនានាទាំងក្នុងប្រទេស និងពិភពលោក។
ពិធីបើកវគ្គបណ្តុះបណ្តាលនាព្រឹកនេះ ទទួលបានការអញ្ជើញចូលរួមចែករំលែកដោយវាគ្មិនកិត្តិយសពីសំណាក់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ឯកឧត្តមបានធ្វើបទបង្ហាញលើប្រធានបទ “ប្រសិទ្ធភាពនៃការងារព័ត៌មាន និងសាធារណមតិ” ដើម្បីចែករំលែកធាតុចូលសំខាន់ៗនៃការរៀបចំការផ្សព្វផ្សាយ ជូនដល់សិក្ខាកាមវគ្គបណ្ដុះបណ្ដាល ដែលមកពីតាមបណ្ដាអង្គភាពពាក់ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ និងមន្ទីមុខងារសាធារណៈរាជធានី-ខេត្ត។
វគ្គបណ្ដុះបណ្ដាលននេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងបង្កើនជំនាញសរសេរខ្លឹមសារព័ត៌មាន ក៏ដូចជាកិច្ចការទំនាក់ទំនងសាធារណៈ ជូនដល់មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ នៅតាមអង្គភាពជំនាញ ដែលនឹងអាចក្លាយជាជនបង្គោលចូលរួមសកម្មភាពផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈរបស់ក្រសួង។
គួរបញ្ជាក់ដែរថាសិក្ខាសាលានេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសចំនួន ០៣រូប ក្នុងនោះរួមមាន៖ (១)ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (២)ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និង (៣)ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា៕





ដោយ ៖ ង៉ាន់ ទិត្យ