គោលការណ៍ណែនាំស្តីពីសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជាត្រូវបានដាក់ឱ្យអនុវត្តដើម្បីជំរុញនវានុវត្តន៍ជាតិ និងភាពប្រកួតប្រជែង

ភ្នំពេញ៖ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយថ្នាលស្រាវជ្រាវ នវានុវត្តន៍ និង​បច្ចេកវិទ្យាអាហារ (FTRIP) បានរៀបចំគោលការណ៍ណែនាំសន្ទស្សន៍នវានុវត្តន៍​សហគ្រាស​​កម្ពុជា ជាឧបករណ៍​យុទ្ធសាស្ត្រ សម្រាប់បង្កើន​សមត្ថភាព​នវានុវត្តន៍របស់ធុរកិច្ច ពង្រឹងភាពប្រកួតប្រជែង និងជំរុញកំណើន​សេដ្ឋកិច្ច។

នៅក្នុងសុន្ទរកថាបើកសិក្ខាសាលាស្តីពីគោលការណ៍ណែនាំសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ «ការពង្រឹងសមត្ថភាពនវានុវត្តន៍របស់សហគ្រាស គឺជាកាលានុវត្តភាព​ដ៏​សំខាន់ថ្មីមួយដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់កិត្យានុភាព​ជាតិ ដោយធ្វើឱ្យប្រសើរឡើង​នូវលំដាប់​ពិន្ទុ​របស់កម្ពុជាក្នុងសន្ទស្សន៍​នវានុវត្តន៍សកល។ វឌ្ឍនភាពនេះនឹងផ្តល់ជាឧត្តមប្រយោជន៍សម្រាប់​ការ​រីកចម្រើន​សង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន សម្រាប់ដំណើរឆ្ពោះទៅរកការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍។»​

នវានុវត្តន៍ជាស្នូលនៃនិម្មាបនកម្មបៃតង ក្នុងការបង្កើនប្រសិទ្ធភាព​ធនធាន និងកាត់បន្ថយការប្រើប្រាស់ធនធាន​កម្រផ្សេងៗ។ វាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស លើក​កម្ពស់ផលិតភាព និងបង្កើតប្រាក់ចំណូល​ផងដែរ។

ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ​ព្រះរាជា​ណាចក្រកម្ពុជាបានលើកឡើងថា៖ «កម្ពុជា​មានសក្តា​នុពលក្នុងការប្រែក្លាយជាសេដ្ឋកិច្ចដែលជំរុញដោយនវានុវត្តន៍ ដែលគាំទ្រដោយប្រជាជនវ័យក្មេង និងស្វាហាប់ កំណើនយ៉ាងឆាប់​រហ័សនៃការតភ្ជាប់ផ្នែកឌីជីថល និងលទ្ធភាពក្នុងការចាប់យកបច្ចេក​វិទ្យា ដែលបង្កើតបានជាមូលដ្ឋាន​គ្រឹះដ៏​​រឹងមាំសម្រាប់បរិវត្តកម្ម​សេដ្ឋកិច្ច។»

គោលការណ៍ណែនាំសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជាត្រូវបានរៀបចំឡើង ក្រោមការគាំទ្រពីគម្រោង CAPFISH-Capture ដែលផ្តល់​មូលនិធិដោយសហភាពអឺរ៉ុប និងអនុវត្តដោយអង្គការអភិវឌ្ឍន៍​ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) ។ គោលការណ៍ណែនាំនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពី​ខែសីហា ឆ្នាំ២០២៤ ដោយផ្តល់​ជាក្របខ័ណ្ឌជាក់លាក់ និងច្បាស់លាស់មួយស្របតាមស្តង់​ដា​អន្តរជាតិ ក្នុងការវាយតម្លៃ និងជំរុញនវានុវត្តន៍របស់សហគ្រាសគ្រប់ទំហំ​នៅ​ទូទាំងប្រទេស។​

លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំកម្ពុជា បានលើក​ឡើងពីតួនាទីសំខាន់នៃនវវានុវត្តន៍ក្នុង​ការទាក់​ទាញការវិនិយោគ និងជំរុញភាពធន់នៃសេដ្ឋកិច្ច ដោយលើកឡើងថា៖ «នៅពេលដែល​សន្ទស្សន៍នវានុវត្តន៍កាន់តែប្រសើរ ប្រទេសមួយអាចជាទិសដៅ​អំណោយ​ផលកាន់តែខ្លាំងសម្រាប់ទាក់ទាញវិនិយោគទាំងក្នុង និងក្រៅប្រទេស។ បច្ចេកវិទ្យា និងនវានុវត្តន៍អាចបង្កើតការងារ និងឧស្សាហកម្មថ្មីៗ ដោយបង្កើនប្រសិទ្ធិភាព ផលិតភាព និងប្រាក់​ចំណេញនៅ​ក្នុងវិស័យផ្សេងៗ។»

សូមជម្រាបថា ការបង្កើតសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការ​លើក​កម្ពស់ប្រព័ន្ធ​អេកូឡស៊ីនវានុវត្តន៍ឱ្យកាន់តែរឹងមាំ ដើម្បីគាំទ្រគោលដៅអភិវឌ្ឍន៍ជាតិ និងបំណងប្រាថ្នារបស់ប្រជាជន។ តាមរយៈការវាយតម្លៃលើធាតុចូល និងធាតុចេញ សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា នឹងផ្តល់ទស្សនា​ទានសំខាន់ៗ សម្រាប់ជាមូលដ្ឋានក្នុងការកសាងភាពធន់ សំដៅធានា​បាននូវអភិបាលកិច្ចរឹងមាំ បង្កើនល្បឿនឧស្សាហូបនីយកម្ម និង​ពិពិធកម្ម​សេដ្ឋកិច្ច៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner