ឯកឧត្តម ហេង សុខឃន ៖ ជើងឯកប្រដាល់ឃីកបុកស៊ីងថ្នាក់ជាតិឆ្នាំ២០២៤នេះ អ្នកចូលរួមកាន់តែផុសផុល
(ភ្នំពេញ)៖ ប្រកួតប្រដាល់ឃីកបុកស៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ ដែលដំណើរការប្រកួតក្នុងឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៣ដល់៥ ខែ មីនា ឆ្នាំ២០២៥ បានរកឃើញកីឡាករកីឡាការិនីឆ្នើមៗទាំង១២វិញ្ញាសា ខណៈការប្រកួតត្រូវបានអះអាងថា បញ្ចប់ទៅដោយរលូននិងជោគជ័យ។
នេះបើយោងបានការបញ្ជាក់ ពីឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា បានបញ្ចាក់ឱ្យដឹងក្នុងកិច្ចសម្ភាសន៍ ក្រោយពិធីបិទការប្រកួតជាផ្លូវការ នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។
ឯកឧត្តម ហេង សុខឃន បានគូសបញ្ជាក់ទៀតថា ការប្រកួតថ្នាក់ជាតិឆ្នាំ២០២៤នេះ ការប្រកួតផ្តោតសំខាន់លើយុវជនថ្នាលបន្តវេន ដោយផ្អែកតាមផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធជ្រើសរើសធនធានថ្នាលបន្តវេនប្រកបដោយគុណភាពត្រៀមសម្រាប់តម្រូវការទីផ្សារប្រកួតអន្តរជាតិ ដែលកំពុងមានត្រូវការច្រើននៅក្រៅប្រទេស។
ឯកឧត្តម បានលើកឡើងទៀតថា កីឡាករកីឡាការិនីដែលចម្រាញ់បានពីការប្រកួតជើងឯកថ្នាក់ជាតិនេះ នឹងត្រូវបានសហព័ន្ធជំរុញបន្ថែមលើការបណ្តុះបណ្តាលដើម្បីអភិវឌ្ឍន៍សមត្ថភាព ហើយពួកគេក៏នឹងត្រៀមជាជម្រើសសម្រាប់សហព័ន្ធជ្រើសរើសជាបេក្ខភាពជំនួសកីឡាករកីឡាការិនីជម្រើសជាតិក្នុងករណីរបួសពេលហ្វឹកហាត់និងប្រកួត ដែលធ្វើឱ្យជម្រើសជាតិមិនអាចចូលរួមប្រកួតដូចជាស៊ីហ្គេម លើកទី៣៣ នៅថៃចុងឆ្នាំ២០២៥នេះជាដើម។
ឯកឧត្តម បានអះអាងទៀតថា សម្រាប់ការប្រកួតជ្រើសរើសជើងឯកឆ្នាំនេះ ការចូលរួមពីយុវជនតាមបណ្តាក្លឹប គឺមានការផុសផុលខ្លាំង ខណៈដែលបច្ចុប្បន្នច្បាប់ប្រដាល់ឃីកបុកស៊ីងត្រូវបានកីឡាករកីឡាការិនីជ្រោជ្រាបយ៉ាងច្បាស់ បន្ទាប់ពីយើងទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ និងទទួលបានមេដាយយ៉ាងច្រើនផងដែរ។
ដោយឡែក លោក ឌួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា បានថ្លែងការកោតសសើរនិងវាយតម្លៃខ្ពស់ ចំពោះការរៀបចំការប្រកួតជ្រើសរើសជើងឯកប្រដាល់ឃីកបុកស៊ីងថ្នាក់ជាតិឆ្នាំ២០២៤នេះ ថ្វីត្បិតការរៀបចំមានរយៈពេលខ្លី ប៉ុន្តែមានន័យខ្លឹម ដែលស្របទៅនិងផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធនិងទិសដៅណែនាំរបស់ក្រសួងអប់រំយុវជនិងកីឡា ក៏ដូចជាអគ្គនាយដ្ឋានកីឡាដែលបានផ្តល់កញ្ចប់ថវិកាគាំទ្ររបស់សហព័ន្ធកីឡានីមួយៗរៀបចំកម្មវិធីប្រកួតខ្លួនឯងតាមកាលវេលា។ទន្ទឹមនិងនោះ លោក ក្នុងនាមក្រសួងអប់រំ និងតំណាងអគ្គយកដ្ឋានកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាលក្លឹបទាំងអស់ដែលបានបញ្ជូនកីឡាករកីឡាការិនីល្អៗមកចូលរួមការប្រកួត ធ្វើឱ្យការប្រកួតចម្រាញ់បានកីឡាករកីឡាការិនីថ្នាលឆ្នើមៗប្រកបដោយគុណភាពសម្រាប់ហ្វឹកហាត់បំប៉នត្រៀមការប្រកួតនានាលើឆាកជាតិនិងអន្តរជាតិ ពិសេស ក៏ជាការបណ្តុះនូវធនធានកីឡាករកីឡាការិនីប្រដាល់ឃីកបុកស៊ីងសម្រាប់ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍សកលវិទ្យាល័យអាស៊ានដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៨ខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា ការប្រកួតប្រដាល់ឃីកបុកស៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ធ្វើក្នុងឆ្នាំ២០២៥នេះ បានដំណើររយៈពេល៣ថ្ងៃចាប់ថ្ងៃទី៣និងបញ្ចប់ថ្ងៃទី៥ ខែ មីនា ឆ្នាំ២០២៥ មានសមាគមននិងក្លឹបចូលរួមចំនួន១០ ធ្វើការប្រកួតលើ១២វិញ្ញាសា ស្នើនិង១២ប្រភេទទម្ងន់។
ជាលទ្ធផល ក្រសួងការពារជាតិឈរលើលទ្ធផលចំណាត់លេខ១ ដណ្តើមបានមេដាយសរុប៧គ្រឿង មេដាយមាស៤ ប្រាក់២ និងសំរិទ្ធ១ ។ ឈរនៅចំណាត់លេខ២ ក្រសួងមហាផ្ទៃ មេដាយសរុប ៨គ្រឿង មេដាយមាស២ ប្រាក់៤ និង២គ្រឿង។ ឈរនៅចំណាត់លេខ៣ ខេត្តស្វាយរៀង សរុបមេដាយ ៣គ្រឿង មេដាយមាស២ និង មេដាយប្រាក់១។ខណៈលេខ៤ ខេត្ត កែប មេដាយសរុប៦គ្រឿង មេដាយមាស១ ប្រាក់៣ និងសំរិទ្ធ២៕



រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ