វិនិយោគិនជាតិ​ និងអន្តរជាតិ​ បាននិងកំពុងទទួលប្រយោជន៍ ពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ នៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥» នាព្រឹកថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៥ ថា វិនិយោគិនជាតិ​ និង​​ អន្តរជាតិ​​ បាននិងកំពុងទទួលផលប្រយោជន៍ពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពនៃធុរកិច្ច នៅកម្ពុជា ។ កម្ពុជា ត្រូវបានទទួលស្គាល់ថា ជាគោលដៅកំពូល សម្រាប់ការវិនិយោគផ្ទាល់ ពីបរទេស (FDI) និងជាច្រកទ្វារទៅកាន់តំបន់អាស៊ាន។​ ជាក់ស្តែង​, ក្នុងឆ្នាំ ២០២៤, កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជិត​​ ៧ ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ៤០% បើធៀបនឹងឆ្នាំ ២០២៣ ។

សម្ដេចបវរធិបតី បានមានប្រសាសន៍ថា កម្ពុជា បាន និងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ​ និងប្រទាក់ក្រឡា, ដែលរួមបញ្ចូលទាំង ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ, និងមជ្ឈមណ្ឌលភស្តុភារកម្ម ។ បន្ថែមលើនេះ កម្ពុជា បាន និងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម, សម្រួលនីតិវិធីគយ, សម្រួលនីតិវិធីចុះបញ្ជីអាជីវកម្ម, និងបង្កើតបរិយាកាសគតិយុត្ត ប្រកបដោយភាពច្បាស់លាស់ និងតម្លាភាព ។

សម្ដេចបវរធិបតី បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងបណ្តាខេត្តនៅភូមិភាគឦសាន ដោយផ្តល់ជូន នូវការលើកទឹកចិត្តពិសេសលើសពីច្បាប់ស្តីពីវិនិយោគ ។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញ នូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដ៏ទូលំទូលាយ ដល់យុវជនចំនួន ១,៥ លាននាក់ ដើម្បីបំពេញតម្រូវការរបស់វិស័យឯកជន ព្រមទាំងបាន និងកំពុងផ្តល់អាទិភាពខ្ពស់ ដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏រឹងមាំផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner