ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញប្រកាសជ័យលាភី «អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យ សុខាភិបាលឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥»

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី«ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥»។

ក្នុងរបាយការណ៍ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានលើកឡើងថា ផ្អែកលើលទ្ធផលនៃការចុះវាយតម្លៃដល់ទីតាំងជាក់ស្តែងរបស់បេក្ខភាពជ័យលាភីអង្គភាព ការធ្វើបទបង្ហាញ ការសាកសួរព័ត៌មាន របស់គណៈកម្មការពាក់ព័ន្ធទៅនឹងលក្ខណៈវិនិច្ឆ័យគោលទាំង៨ និងការផ្តល់អំណះអំណាងអំពីទិដ្ឋភាពបច្ចេកទេស និងព័ត៌មានរបស់បេក្ខភាពជ័យលាភីអង្គភាព គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានវិនិច្ឆ័យសម្រេចចុងក្រោយ និងធ្វើចំណាត់ថ្នាក់បេក្ខភាពជ័យលាភីអង្គភាពពីលេខ១ ដល់លេខ៥ និងរៀបចំជាសេចក្តីព្រាងអនុក្រឹត្យស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីទទួលស្គាល់ជាផ្លូវការនូវបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូទាំង ១០ អង្គភាព ទៅតាមកម្រិត និងតាមវិស័យនីមួយៗ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា ជាលទ្ធផលចុងក្រោយនៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមគោលការណ៍ និងនីតិវិធីនៃការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ គណៈ កម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានពិនិត្យ វាយតម្លៃ និងជ្រើសរើសបានអង្គភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងនោះរួមមាន៖ ១០អង្គភាពសម្រាប់វិទ្យាល័យ ១០អង្គភាពសម្រាប់សាលាមត្តេយ្យសិក្សា ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់ កម្រិត១ (CPAI) ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA2) និង ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ (CPA3)។

ឯកឧត្តម យក់ ប៊ុនណា បានបញ្ជាក់បន្ថែមថា គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានរៀបចំជាសេចក្តីព្រាងអនុក្រឹត្យ គោរពស្នើសុំការសម្រេច និងសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ហើយដែលនឹងត្រូវប្រកាសទទួលស្គាល់ជាផ្លូវការ និងប្រគល់ រង្វាន់ជាលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ ក្នុងពិធីនាថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។

សូមជម្រាបថា ពិធីប្រកាសជ័យលាភីនាព្រឹកនេះ មានវត្តមានអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យស្រុកប្រតិបត្តិ នាយក នាយិកា វិទ្យាល័យ និងមត្តេយ្យសិក្សា ប្រធានមន្ទីរពេទ្យបង្អែករាជធានី ខេត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបប្រមាណជាង ២០០០នាក់ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner