សន្តិភាព មានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន ជាមរតកដ៏មហាសាលរបស់សម្តេចតេជោ ហ៊ុន សែន
កំពង់ធំ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានគូសបញ្ជាក់ថា សន្តិភាព មានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន។ ជាមរតកដ៏មហាសាលរបស់សម្តេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញនយោបាយ ឈ្នះ ឈ្នះ ធ្វើឱ្យកម្ពុជាក្លាយពីប្រទេសមួយ ដែលមានតំបន់ត្រួតត្រាច្រើន មានតំបន់ត្រួតត្រាមួយ ។រដ្ឋធម្មនុញ្ញតែមួយ ។ព្រះមហាក្សត្រតែមួយ ។រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្ស ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តមបានបន្តដោយរំលឹកថា សន្តិភាពនៅកម្ពុជា រកបានមកដោយលំបាក ។សម្តេចតេជោ ហ៊ុន សែន រួមនិងឥស្សរជនជាថ្នាក់ដឹកនាំនៅក្នុងជួរកងយោធពលខេមរភូមិន្ទជាច្រើនទៀត បានធ្វើពលកម្មប្តូរជីវិត ចូលទៅតំបន់ខ្មែរក្រហម ដើម្បីស្វែងរកការចចារ ផ្សះផ្សារ បង្រួបបង្រួម ស្វែងរកសន្តិភាព តាមរយៈនយោបាយឈ្នះ ឈ្នះ ហើយឥឡូវនេះ សន្តិភាព បានកើតមានពេញលេញទូទាំងផ្ទៃប្រទេស ។ប្រជាពលរដ្ឋធ្វើដំណើរទៅគ្រប់ទីកន្លែងដោយគ្មានការភ័យខ្លាច រួមនិងសង្គមជាតិ មានការអភិវឌ្ឍ លើគ្រប់វិស័យ។ ដូច្នេះ អ្នកណាដែលមានចេតនា ចង់បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម គឺមិនអនុញ្ញាតដាច់ខាត ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងពីសភាពការណ៍ក្រៅប្រទេស ដែលកំពុងខ្វះសន្តិភាព រួមមាន÷ ជម្លោះរវាងរុស្សី និងអ៊ុយក្រែន សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានធ្វើឱ្យមនុស្សស្លាប់ របួសច្រើនរាប់មិនអស់ ជាពិសេស កុមារ ខ្វះ ស្បៀងអាហារ ថ្នាំសង្កូវ គ្មានទីជំរក បញ្ហានៅស៊េរី រួមនិងវិបត្តិសមុទ្រចិនខាងត្បូងកោះតៃវ៉ាន់ ដែលកំពុងផុយស្រួយ និងជម្លោះបងប្អូនកូរ៉េទាំង២ ដែលកំពុងមានការឡើងកម្ដៅ ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្ថែមថា ក្រោមការដឹកនាំដ៏វាងវៃរបស់ គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បាននិងកំពុងការសម្រេចសមិទ្ធផលជាតិធំៗជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
ឯកឧត្តម បានពន្យល់ដល់មន្ត្រីគណបក្ស និងប្រជាជនទាំងអស់ឱ្យចេះពិចារណាបែងចែក ឱ្យបានច្បាស់លាស់ នូវព័ត៌មានបំផ្លើសការពិត ។ព័ត៌មានដែលមានលក្ខណៈញុះញង់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំចាញ់ល្បិចកលនក្រុមជ្រុលនិយមមួយក្តាប់តូច ដែលមានបំណងតែម៉្យាង គឺចង់ផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់តែប៉ុណ្ណោះ ។
ក្នុក្នុងឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់គណបក្ស ស្រុកប្រាសាទបល្ល័ង្ក ថវិកា ៤លានរៀល និងវិទ្យុទាក់ទង ចំនួន ១០គ្រឿង, ឧបត្ថម្ភដល់នគរបាលស្រុក ថវិកា ២លានរៀល និងវិទ្យុទាក់ទង ១០គ្រឿង, កងរាជអាវុធហត្ថស្រុក ថវិកា ២លានរៀល និងវិទ្យុទាក់ទង ១០គ្រឿង និងបានឧបត្ថម្ភផ្នែកសឹករងស្រុក ថវិកា ១លានរៀល និងវិទ្យុទាក់ទង ១០គ្រឿង ព្រមទាំងបានឧបត្ថម្ភ នូវ កៅអីសិស្សចំនួន ៥៧០កៅអី និងកំព្យូទ័រ ៥គ្រឿង ដល់សាលារៀននៅទូទាំងស្រុកប្រាសាទបល្ល័ង្ក ផងដែរ ៕
ដោយ៖ វណ្ណលុក
