ប៉ូឡូញគ្រោងបង្វឹកបុរសគ្រប់រូបពេលមានសង្គ្រាម
បរទេស៖ ប្រទេស ប៉ូឡូញ គ្រោងនឹងបណ្តុះបណ្តាល «បុរសពេញវ័យគ្រប់រូប» ក្នុងករណី ដែលប្រទេសជួបសង្រ្គាម។
នៅក្នុងសុន្ទរកថា ទៅកាន់សភាជាតិ កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី នៃប្រទេសប៉ូឡូញ លោក Donald Tusk បានមានប្រសាសន៍ថា ប្រទេសនេះមានគោលបំណង ចង់ឲ្យពង្រាងផែនការនេះ រួចរាល់ នៅត្រឹមចុងឆ្នាំ២០២៥។ លោក Tusk បន្ថែមទៀតថា «យើងកំពុងពិភាក្សា យ៉ាងយកចិត្តទុកដាក់ ជាមួយបារាំង អំពីគំនិត នៃឆ័ត្រនុយក្លេអ៊ែរ នៅអឺរ៉ុប» ផងដែរ។
នាយករដ្ឋមន្ត្រីប៉ូឡូញ ក៏បានថ្លែងគាំទ្រ ការដកប្រទេស ចេញពីសន្ធិសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីន ប្រឆាំងមនុស្ស ទៀតផង ដោយគេដឹងថា ប៉ូឡូញ គឺជាសមាជិករបស់សម្ព័ន្ធយោធាអន្តរជាតិ ណាតូ និងជាសម្ព័ន្ធមិត្តដ៏រឹងមាំ របស់អ៊ុយក្រែន។ ប្រទេសដែលប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី មួយនេះ កំពុងជួយអាវុធយ៉ាងច្រើន ដល់ទីក្រុងគៀវ។
ការប្រកាសរបស់លោក Donald Tusk ចំពេលដែលមានការអំពាវនាវ ពីប្រធានាធិបតីអាមេរិក ឱ្យបណ្តាប្រទេសនៅអឺរ៉ុប ទទួលខុសត្រូវបន្ថែមទៀត សម្រាប់កិច្ចការការពារជាតិ របស់ខ្លួន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត