ទ័ពព្រៃកូឡុំប៊ីព្រមានពីការផ្ទុះសង្គ្រាមធំ

បរទេស ៖ ទ័ពព្រៃ នៅប្រទេស កូឡុំប៊ី នៃតំបន់អាមេរិកខាងត្បូង បានព្រមាន ពីការផ្ទុះសង្រ្គាមធំ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP។

មេបញ្ជាការនៃក្រុមទ័ពព្រៃ របស់កងទ័ពរំដោះជាតិកូឡុំប៊ី ហៅកាត់ ELN បានប្តេជ្ញា វាយលុក សងសឹកនឹងការវាយលុក របស់រដ្ឋាភិបាល នៅភាគឦសាន របស់ប្រទេស ដោយព្រមានថា ឆ្នាំនៃ «សន្តិភាពទាំងស្រុង» មានហានិភ័យ ប្រែទៅជា «សង្រ្គាមពេញទំហឹង»។

នៅក្នុងបទសម្ភាសន៍ ដ៏កម្រមួយ នៅទីតាំងភ្នំសម្ងាត់មួយកន្លែង នៅជិតព្រំដែន ជាប់នឹងប្រទេសវេណេស៊ុយអេឡា ថ្មីៗនេះ មេបញ្ជាការទ័ពព្រៃជាន់ខ្ពស់ ពីររូប បានប្រាប់ កាសែត AFP ថា ពួកគេនឹងមិនស្ទាក់ស្ទើរ ក្នុងការប្រយុទ្ធ ជាមួយទាហានរដ្ឋាភិបាល ចំនួន១ម៉ឺននាក់ ដែលប្រមូលផ្តុំ នៅក្បែរនោះ។

អង្គុយជាមួយកាំភ្លើង នៅក្នុងដៃ ពួកមេបញ្ជាការ ក្រុមទ័ពព្រៃ ELN មានឈ្មោះ Ricardo និង ឈ្មោះ Silvana Guerrero បានបង្ហាញចំណាប់អារម្មណ៍ថា ពួកគេបើកចំហ សម្រាប់ការសន្ទនា ប៉ុន្តែ ក៏ត្រៀមខ្លួន សម្រាប់ធ្វើសង្រ្គាមដែរ។

ចាប់តាំងពីខែមករា ការប៉ះទង្គិចគ្នា រវាងក្រុម ELN ជាមួយក្រុមទ័ពព្រៃ ដែលជាគូប្រជែង នៅក្នុងតំបន់ព្រំដែន Catatumbo មានការជម្លៀសមនុស្សជិត ៥៦,០០០នាក់ និងបានធ្វើឱ្យមនុស្ស ស្លាប់ជិត៨០នាក់ នេះបើយោងតាមការប៉ាន់ស្មាន របស់រដ្ឋាភិបាល។ ជាអំពើហិង្សាដ៏អាក្រក់បំផុតមួយដែលកូឡុំប៊ីបានឃើញ ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានឯកភាព ក្នុងឆ្នាំ២០១៦។ រដ្ឋាភិបាលបានឆ្លើយតបវិញ ដោយប្រកាសដាក់រដ្ឋ ក្នុងគ្រាអាសន្ន និងដាក់ពង្រាយទាហាន រាប់ពាន់នាក់ ទៅកាន់តំបន់នោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner