ខ្មាន់កាំភ្លើងប៉ុនប៉ងចូលការិយាល័យធ្វើការរបស់លោក Trump
បរទេស ៖ បុរសម្នាក់បានកាន់កាំភ្លើង ប៉ុនប៉ងដើរចូលទៅក្នុងសេតវិមាន តែ ជាសំណាងល្អ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ពុំមានវត្តមាន នៅក្នុងការិយាល័យធ្វើការរបស់លោក នោះទេ។
ទីភ្នាក់ងារព័ត៌មាន CNN បានចុះផ្សាយថា ខ្មាន់កាំភ្លើងរូបនេះ ត្រូវបានមន្ត្រីសន្តិសុខ បាញ់ឲ្យរងរបួស ក្នុងពេលប៉ុនប៉ង កាន់កាំភ្លើង ចូលទៅក្នុងសេតវិមាន កាលពីថ្ងៃអាទិត្យ ហើយគេក៏បានបាញ់មកវិញ ដែរ ប៉ុន្តែ ពុំមានរបួស សន្តិសុខណាម្នាក់នោះទេ។ ខ្មាន់កាំភ្លើងត្រូវបាននាំទៅកាន់មន្ទីរពេទ្យ ដោយមិនមានការបង្ហាញលម្អិតបន្ថែមទៀត ពីស្ថានភាពរបួស នោះទេ។
ទីភ្នាក់ងារទំនាក់ទំនងសម្ងាត់អាមេរិក ហៅកាត់ USSS បានរៀបរាប់ថា ខ្លួនទទួលព័ត៌មាន ដែលថាសង្ស័យមានបុគ្គលធ្វើអត្តឃាត វ័យប្រហែល ២៧ឆ្នាំ កំពុងធ្វើដំណើរ ទៅទីនោះ ដោយចាកចេញពីរដ្ឋ Indiana ។ ក្រោយមក សមាជិករបស់ USSS ក៏បានឃើញមនុស្សម្នាក់ កំពុងដើរ នៅក្បែរនឹងសេតវិមាន ហើយបានរកឃើញឡានមួយគ្រឿង ផងដែរ។
ប្រភពបន្តថា ពេលដែលមន្រ្តីចូលទៅជិត ហើយសួរនាំ ស្រាប់តែបុគ្គលម្នាក់នោះ បានបាញ់កាំភ្លើងទៅកាន់មន្ត្រីសន្តិសុខ នាំឲ្យការផ្ទុះអាវុធ បានកើតឡើង ក្នុងអំឡុងពេលនោះ។
មន្ត្រីប៉ូលិសបានឲ្យដឹងថា ក្រៅពីកាំភ្លើងរឹបអូសបានពីខ្មាន់កាំភ្លើងរូបនេះ ក៏មានអាវុធមួយដើមទៀត ត្រូវបានរកឃើញ លាក់នៅក្នុងរថយន្តផងដែរ។ ក្រុមស៊ើបអង្កេត នៃកងកម្លាំងផ្នែកកិច្ចការផ្ទៃក្នុង របស់ទីក្រុង Washington DC កំពុងដឹកនាំការស៊ើបអង្កេតបន្ថែម លើឧប្បត្តិហេតុនេះ
ដោយអះអាងថា ពួកគេមិនទាន់មានព័ត៌មានលម្អិត បន្ថែមនោះទេ គិតមកដល់ថ្ងៃចន្ទនេះ៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត