ជើងឯកកីឡាបឋមសិក្សាឆ្នាំ២០២៥ របស់ខេត្តកណ្តាល ចាប់ផ្តើម​ដំណើ​រការប្រកួតផ្លូវការ

អត្ថបទដោយ៖
ជាវ ចន្ធូ

(កណ្តាល)៖ ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើង​ឯកប្រចាំឆ្នាំ២០២៥ របស់ខេត្តកណ្តាល បានចាប់ផ្តើមការ​ប្រ​កួត​ផ្លូវការហើយ នាព្រឹកថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២៥ ដោយ​ប្រភេទកីឡាបាល់ទះដំណើរការប្រកួតមុនគេ នៅក្នុងវិទ្យាល័យ​ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្ត កណ្តាល។

លោក ពៅវណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជន​និងកីឡាខេត្តកណ្តាល បានបញ្ជាក់ឱ្យដឹងថា ការប្រកួតសិស្ស​បឋមសិក្សាជ្រើសរើសជើងឯកខេត្ត កណ្តាល ក្នុងឆ្នាំ២០២៥​នេះ ចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ និងមានសិស្សានុសិស្សជាកីឡាករកីឡាការិនី​ចូល​រួមប្រកួតចំនួន៥៧៤នាក់ ក្នុងនោះកីឡាការិនីចំនួន ២១៥នាក់ ដោយធ្វើការប្រកួតលើ៥ប្រភេទកីឡា មានដូចជា បាល់ទាត់ បាល់​បោះ បាល់ទះ ប៊ូលនិងប៉េតង់ និងកីឡាអត្តពលិកកម្ម ខណៈការប្រកួតដំណើរការចំនួន៣ទីតាំងធំៗ នៅវិទ្យាល័យ​ហ៊ុន ​សែន សេរីភាព វិទ្យាល័យហ៊ុន សែន តាខ្មៅ និងក្នុង​កីឡដ្ឋាន​បាល់ទាត់ក្រុងតាខ្មៅ។

ប្រធានការិយាល័យកីឡារូបនេះ បានគូសបញ្ជាក់ថា ការប្រកួត​ជ្រើស​រើសជើងឯកសិស្សបឋមសិក្សារយៈពេល៧ថ្ងៃនេះ ប្រើ​ប្រាស់​ថវិកាផ្ទាល់របស់មន្ទីអប់រំយុវជននិងកីឡាខេត្តកណ្តាល ដើម្បីចម្រាញ់ជ្រើសរើសកីឡាករកីឡាការិនីសិស្សបឋមសិក្សាឆ្នើមតាមប្រភេទកីឡានីមួយៗមកហ្វឹកហាត់តំណាងខេត្តកណ្តាលត្រៀមចូលរួមប្រកួតប្រជែង ការប្រកួតកីឡាជ្រើសរើស​ជើង​ឯកទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ ដែលរៀបចំដោយក្រសួង​អប់រំយុវជននិងកីឡា នៅរាជធានីភ្នំពេញ នាពេលខាងមុខ​ឆាប់ៗ​នេះ ។

លោក ពៅ វណ្ណា បានថ្លែងអំណរគុណ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ​ដែលបានឧបត្ថម្ភ សម្លៀកបំពាក់ ថវិកា រួមនិងភេសជ្ជៈ​មួយចំនួន សម្រាប់ចូលរួមគាំទ្រដល់ការប្រកួត។ នេះជា​សកម្ម​ភាពមួយដែលរួមចំណែកក្នុងការអភិវឌ្ឍនិងលើកកម្ពស់ជួយដល់វិស័យកីឡាក្នុងខេត្តឱ្យកាន់តែរីកចម្រើនទៅមុខផងដែរ។

សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សា​ជ្រើសរើស​ជើងឯកទូទាំងប្រទេស ប្រចាំ ឆ្នាំ២០២៤ កន្លងទៅ ខេត្ត​កណ្តាល ដណ្តើមបានចំណាត់លេខ២ ឈ្នះមេដាយសរុបចំនួន ១៦គ្រឿង ក្នុងនោះមេដាយមាស ៥ ប្រាក់ ៣ និងសំរឹទ្ធិ ៨គ្រឿង ។ខណៈការរំពឹងទុកសម្រាប់ការប្រជែងក្នុ​ងឆ្នាំ​២០២៥​នេះ នឹងរក្សាការពារបានដំណែងឈរនៅលខ២ដដែល ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner