ផ្ទុះបាតុកម្មប្រឆាំងការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte

ម៉ានីល ៖ បាតុកម្មដ៏ធំមួយបានផ្ទុះឡើង នៅពេលដែលក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រមូលផ្តុំគ្នានៅទីក្រុង Kidapawan ដើម្បីសម្តែងការតវ៉ានឹងការចាប់ខ្លួនលោក តាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់គាត់។

អ្នកគាំទ្រម្នាក់និយាយថា យើងនឹងបង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់យើង ចំពោះលោកប្រធានាធិបតី Duterte ដើម្បីអាចធ្វើឱ្យគាត់វិលត្រលប់មកហ្វីលីពីនវិញ។

អតីតមេដឹកនាំហ្វីលីពីនវ័យ ៧៩ឆ្នាំរូបនេះ ត្រូវបានបញ្ជូនតាមយន្តហោះឯកជន (Private Jet) ចេញពីទីក្រុងម៉ានីល ទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ ជាទីដែលតុលាការ ICC ស្ថិតនៅ កាលពីយប់ថ្ងៃអង្គារ។ លោក Duterte ត្រូវបានរំពឹងថា ទៅដល់ហូឡង់កាលពីថ្ងៃពុធ។

យោងតាមតុលាការ ICC បានឲ្យដឹងថា លោក Duterte កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទ “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងគ្រឿងរបស់គាត់ ដែលក្រុមសិទ្ធិមនុស្សបានប៉ាន់ស្មានថា បានសម្លាប់បុរសក្រីក្រដល់ទៅរាប់ម៉ឺននាក់ ទាំងដែលគ្មានភស្តុតាងបញ្ជាក់ថា ពួកគេមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។

យ៉ាងណាមិញ កូនស្រីរបស់លោក Rodrigo Duterte ដែលបច្ចុប្បន្នជាអនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បានធ្វើដំណើរតាមឪពុកខ្លួនទៅកាន់ប្រទេសហូឡង់។

រីឯកូនស្រីពៅរបស់លោក ឈ្មោះ Veronica Duterte គ្រោងដាក់សំណើទៅតុលាការកំពូលហ្វីលីពីន ដើម្បីបង្ខំរដ្ឋាភិបាលឱ្យនាំលោក Duterte ត្រលប់មកវិញ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner