ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ៖ មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា
(ភ្នំពេញ)៖ មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ស្តីពីការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា ដែលមានចែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាល សំដៅផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រឱ្យទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ គុណភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពដោយមិនមានហានិភ័យផ្នែកហិរញ្ញវត្ថុ ។
ដើម្បីធានាឆ្ពោះទៅសម្រេចបាននូវគោលដៅ នៃផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ជាពិសេសការបង្ការហានិភ័យផ្នែកហិរញ្ញវត្ថុដល់គ្រួសារគោលដៅ ចាំបាច់ត្រូវមានការតាមដាន និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលរារាំងដល់ការប្រើប្រាស់សេវាសុខភាព របស់ក្រុមគោលដៅគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល ។
នេះជាការបញ្ជាក់របស់ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៥ ក្នុងពិធី«ប្រកាសជាផ្លូវការ យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល» ដើម្បីស្វែងយល់អំពីយុទ្ធសាស្រ្ត នៃការលើកកម្ពស់ការប្រើប្រាស់ មូលនិធិសមធម៌សុខាភិបាល និងជំរុញកិច្ចសហការគាំទ្រ តាមគ្រប់រូបភាព ក្នុងការអនុវត្តយុទ្ធនាការនេះ ឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីជាប្រយោជន៍ដល់គ្រប់ក្រុមគោលដៅទាំងអស់ ព្រមទាំងធ្វើការផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា ប្រកបដោយគុណភាព សមភាព និងសមធម៌ មិនមានការរើសអើងដល់ប្រជាពលរដ្ឋ ។
ឯកឧត្តម រដ្ឋមន្រ្តី អំពាវនាវដល់រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សូមចូលរួមអនុវត្តយុទ្ធនាការនេះ ឱ្យបានទទួលជោគជ័យ ។ ឯកឧត្តម ញ្ជាក់បន្ថែមថា ដើម្បីលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌ ទទួលបានជោគជ័យកាន់តែល្អប្រសើរ សូមថ្នាក់ដឹកនាំទាំងអស់ ត្រូវខិតខំថែមទៀត ក្នុងការកាត់បន្ថយចំណាយរបស់ប្រជាជន ជាពិសេសលើបញ្ហាជំងឺស្មុគស្មាញ ។
ឯកឧត្តម ឈាង រ៉ា បានថ្លែងអំណរគុណ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងអង្គការដៃគូទាំងអស់ ដែលបានចូលរួមគាំទ្រយុទ្ធនាការ លើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ជាពិសេសសូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា រួមមាន ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍ នៃរដ្ឋាភិបាលអាល្លឺម៉ង់ (KfW) នាយកដ្ឋានកិច្ចការបរទេសនិងពាណិជ្ជកម្មប្រទេសអូស្រ្តាលី (DFAT) និងមូលនិធិហិរញ្ញប្បទានសកលសម្រាប់គ្រប់ស្រ្តី កុមារនិងយុវវ័យ (GFF) ដែលបានសហការគាំទ្រផលិតនូវសម្ភារៈអប់រំផ្សព្វផ្សាយ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ក៏ដូចជាសិក្ខាសាលាក្នុងថ្ងៃនេះ ៕
ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ











